កំពង់ឆ្នាំង៖ យោងតាមការចុះពិនិត្យជាក់ស្ដែងរបស់លោក វន ស៊ីផា អភិបាលស្រុក និងក្រុមការងាររដ្ឋបាលស្រុកកំពង់ត្រឡាច នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលស្រុកកំពង់ត្រឡាច សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ ដោយស្ថានភាពទឹកជំនន់ទឹកទន្លេបានហក់ឡើងខ្ពស់ បណ្ដាលឱ្យលិចកំណាត់ផ្លូវលេខ១៥២ នៅចន្លោះចាប់ពីភូមិចំបក់ផ្អែម ទៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មិនអាចធ្វើ ចរាចរណ៍ឆ្លងកាត់បានឡើយ។
អាជ្ញាធរស្រុកបានសម្រេចបិទការធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្ន រហូតដល់ទឹកស្រុកគោកផ្លូវ ទើបអាចអនុញ្ញាតិឱ្យធ្វើចរាចរណ៍ជាធម្មតាឡើងវិញ ដោយយល់ឃើញថាខ្លាចមានគ្រោះថ្នាក់ ឬហានីភ័យណាមួយ កើតមានដល់អាយុជីវិត របស់បងប្អូនប្រជាពលរដ្ឋ ដូចនេះសូមបងប្អូនចូលរួមការពារទាំងអស់គ្នា ។ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនដែលចាំបាច់ឪត្រូវឆ្លងកាត់កំណាត់ផ្លូវនេះ នៅទីនោះ មានស្រឡាងដរទទឹងឯកជននៅចាំចម្លងមានចំនួន២កន្លែង ទី១.នៅផ្លូវចូលទៅឡឥដ្ឋលោក ប៉ែន ចាន់ដារិទ្ធិ ទី២.នៅផ្លូវចូលទៅទួលព្រះរាម ៕ ហុង វាស្នា
