បាត់ដំបង៖ ទឹកស្ទឹងសង្កែបានហក់ឡើងខ្ពស់បណ្ដាលឱ្យច្រាលលិចផ្នែកខ្លះនៃក្រុងបាត់ដំបង នៅព្រឹកថ្ងៃទី៥ ខែតុលានេះ (លិចផ្លូវមួយចំនួនក្នុងក្រុង និងក្នុងផ្សារបឹងឈូក) តែមន្ត្រីជំនាញ បានបញ្ជាក់ថា ការជន់លិចនេះ មិនធ្ងន់ធ្ងរនោះទេ ព្រោះទឹកនឹងឆាប់ស្រកទៅវិញក្នុងរយៈពេលមិនយូរ ។
ពាក់ព័ន្ធស្ថានភាពជំនន់ទឹកភ្លៀងនេះលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានបញ្ជាក់ថា ការជន់លិចនេះ នឹងមិនបង្កបញ្ហាធ្ងន់ធ្ងរនោះទេ ព្រោះទឹកនឹងស្រកទៅ វិញក្នុងពេលឆាប់ៗនេះ ។ គិតត្រឹមព្រឹកថ្ងៃទី៥ខែតុលានេះ ស្ថានភាពទឹកស្ទឹងសង្កែ ក្រុងបាត់ដំបង ឡើងដល់កម្ពស់ ១៣.៦០ម៉ែត្រ។
អាជ្ញាធរក្រុងបាត់ដំបង បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសជនចាស់ជរា ជនពិកា កុមារតូចៗ ជាដើម។
សូមរំលឹកថា ជារៀងរាល់ឆ្នាំ នៅពេលដែលទឹកស្ទឹងសង្កែហក់ឡើងដល់កម្ពស់ចាប់ពីជាង១៣ម៉ែត្រឡើងទៅ នៅតំបន់មួយចំនួនប៉ែកខាងក្រោមតាមបណ្ដោយដងស្ទឹងសង្កែ ដូចជាផ្នែកខ្លះ នៃសង្កាត់ក្តុល ដូនទាវ ក្រុងបាត់ដំបង រហូតដល់ស្រុកឯកភ្នំ នឹងប្រឈមការលិចលង់ផ្ទះសម្បែង និងផ្លូវមួយចំនួន៕អត្ថបទ៖ នឿត សុភក្ត្រ