ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នគយកំពុងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងការពន្យារពេលបង់ពន្ធអាករ ចំពោះរថយន្តចង្កូតស្តាំ ដែលមានស្រាប់នៅកម្ពុជា ខណៈថ្ងៃផុតកំណត់នៃឱសានវាទនឹងឈាន ដល់ត្រឹមថ្ងៃទី០៨ ខែតុលាខាងមុខ។
លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការប្រមូលពន្ធអាករមានស្រាប់ក្នុងប្រទេស កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ការស្នើសុំនេះ គឺសម្រាប់តែរថយន្ត ចង្កូតស្តាំ ដែលបានចុះបញ្ជីនៅអគ្គនាយដ្ឋានគយប៉ុណ្ណោះ ដើម្បីឲ្យម្ចាស់រថយន្តចង្កូតស្តាំដែលបានចុះបញ្ជីរួច ហើយមិន ទាន់មកបង់ពន្ធអាករ អាចមានលទ្ធភាពសន្សំថវិកាយកមកបង់ពន្ធអាករ។
គិតត្រឹមល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់នៅកម្ពុជាមានចំនួនជិត ៦ពាន់គ្រឿង ដែលបានមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ក្នុងចំណោមរថយន្តចង្កូតស្តាំមានស្រាប់សរុបចំនួនជិត ១ម៉ឺនគ្រឿង ដែលបានចុះបញ្ជី។ ជាមួយគ្នានេះ ចំណូលដែលបានមកពីការប្រមូលពន្ធអាកររថយន្តចង្កូតស្តាំចំនួនខាងលើនេះ មានទំហំទឹកប្រាក់សរុបចំនួនជិត ២០លានដុល្លារអាម៉េរិក៕ អត្ថបទ៖ ឈិត បូរ៉ាវី