សហរដ្ឋអាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបង្ហាញសេចក្តីព្រាងច្បាប់ថ្មីពាក់ព័ន្ធនឹងចិន ដែលនឹងបង្កើនសំពាធមកលើបញ្ហាពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង ពិសេសលើការលួចកម្មសិទ្ធិបញ្ញា និងពង្រឹងចំណងមិត្តភាពអាមេរិកជាមួយកោះតៃវ៉ាន់។
ក្នុងគំនិតផ្ដួចផ្ដើមដ៏កម្រមួយនៅសភា គណៈកម្មាធិការទំនាក់ទំនងបរទេសមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋបានបង្ហាញច្បាប់ប្រកួតប្រជែងយុទ្ធសាស្ត្រ ដែលមានគោលដៅគ្រប់គ្រងទំនាក់ទំនងអាមេរិកជាមួយទីក្រុងប៉េកាំង។ លោក បុប ម៉េណេនដេស សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ ដែលដឹកនាំគណៈកម្មាធិការមួយនេះបាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវតែភ្លឺភ្នែក និងដឹងច្បាស់ពីគោលបំណង និងសកម្មភាពរបស់ទីក្រុងប៉េកាំង ក៏ដូចជាក្រិតក្រមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ខ្លួន។ ច្បាប់ថ្មីនេះចាត់ទុកទណ្ឌកម្មថា ជាអាវុធដ៏មានអំណាចមួយសម្រាប់សហរដ្ឋអាមេរិក និងក្តីកង្វល់ថា អំណាចប្រតិបត្តិមិនបាអនុវត្តន៍វិធានការពេញលេញ ដែលបានអនុម័តដោយសភានោះទេ។
បើសិនជាអនុម័តពិតមែន ច្បាប់មួយនេះនឹងតម្រូវឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ចេញបញ្ជីឈ្មោះប្រចាំឆ្នាំក្រុមហ៊ុនទាំងអស់ គ្រប់គ្រងដោយរដ្ឋាភិបាលចិនដែលទទួលបានអត្ថប្រយោជន៍ពីការលួចកម្មសិទ្ធិបញ្ញា និងការធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនសហរដ្ឋអាមេរិក។ ច្បាប់មួយនេះដែរ នឹងវាយតម្លៃលើករណីចាប់រំលោភសេពសន្ថវៈ ការរំលូតកូនដោយបង្ខំ និងអំពើហិង្សាផ្លូវភេទផ្សេងទៀតទៅលើជនជាតិភាគតិចអ៊ូហ្គួ និងគាំទ្រកោះតៃវ៉ាន់៕
អត្ថបទ៖ សារ៉ាត់