កូរ៉េខាងជើង៖ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីចំនួន ២គ្រាប់សំដៅទៅផ្ទៃទឹកភាគខាងកើតរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ខណៈសហរដ្ឋអាមេរិកបានបញ្ជូននាវាមួយ ក្នុងចំណោមនាវាផ្ទុកយន្តហោះជាច្រើនរបស់ខ្លួនជាថ្មីទៅជិតឧបទ្វីបកូរ៉េ ឆ្លើយតបការបាញ់សាកល្បងមីស៊ីលបាលីស្ទីក ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដ៏មានឥទ្ធិពលកាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍ រំលងប្រទេសជប៉ុនមុនធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក។
នាយសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ការបាញ់ទាំងនេះបានធ្វើឡើងរយៈពេល២២នាទីនៅខាងក្រៅតំបន់រដ្ឋធានីរបស់កូរ៉េខាងជើង។ ប្រភពខាងលើនិយាយថា កូរ៉េខាងត្បូងបានបង្កើនការតាមដាន និងបន្តត្រៀមក្នុងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក។ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក៏បានបញ្ជាក់ផងដែរថា ពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ដោយនិយាយថា ការបាញ់អាវុធទាំងនោះគឺជាទង្វើដែលមិនអាចអត់ឱនឲ្យបាន។
ការបាញ់មីស៊ីលចុងក្រោយបង្ហាញថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ប្ដេជ្ញាបន្តការសាកល្បងអាវុធក្នុងគោលបំណងបង្កើនឃ្លាំងគ្រាប់នុយក្លេអ៊ែររបស់លោក ផ្គើនទៅនឹងទណ្ឌកម្មអន្តរជាតិ។ ការបាញ់ទាំងនេះគឺជាជុំទី៦ នៃការសាកល្បងអាវុធក្នុងពេលជិត ២សប្ដាហ៍ ដែលបានជំរុញឲ្យមានការថ្កោលទោសពីសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត។ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Yasukazu Hamada បាននិយាយថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានហោះចម្ងាយពី 350 ទៅ 800គីឡូម៉ែត្រក្នុងរយៈកម្ពស់អតិប្បបរមា 50 ទៅ 100គីឡូម៉ែត្រ មុនពេលធ្លាក់ចូលនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន៕
អត្ថបទ៖ សុខមាន
