បាល់ទាត់៖ ក្រុមបាល់ទាត់បឹងកេត និងវិសាខាបានយកឈ្នះគូប្រកួតរៀងៗខ្លួន សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៦ (ថ្នាក់ជាតិ) កាលពីល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។

ក្រុមនាគខៀវបឹងកេតបានយកឈ្នះក្រុមភ្ញៀវអគ្គិសនីកម្ពុជា ៣-០ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េរបស់ខ្លួន។ គ្រាប់បាល់ជ័យជម្នះរបស់អតីតក្រុមជើងឯកឆ្នាំ២០១៩ ធ្វើសម្រេចដោយកីឡាករ សេត រ៉ូស៊ីប នៅនាទី២២ និង ២គ្រាប់ទៀត រកបានដោយកីឡាករ ម៉ាត់ នូរុណ នៅនាទី២៥ និងនាទី៩០+៣។ រីឯក្រុមវិសាខាបានយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនដោយលទ្ធផល ២-១។ ជំនួបដ៏តានតឹងក្រោមតំណក់ភ្លៀងនេះ វិសាខា ជាអ្នករកបាន ១គ្រាប់មុនដោយកីឡាករ អ៊ុក សុវណ្ណ នៅនាទីទី៦ តែត្រូវបានកីឡាករ យ៉ែម ដេវីត រកបានគ្រាប់តាមស្មើឲ្យក្រុមភ្នំពេញក្រោនវិញនៅនាទី១៦ ហើយការប្រកួតបានបន្ដរហូតដល់វគ្គទី២ នៅនាទី៥២ ទើបកីឡាករ រ៉ឹង ប៊ុនហៀង រកបាន ១គ្រាប់បន្ថែមឲ្យវិសាខា ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង។

យ៉ាងណាក្ដីការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ដ្រីនេះនៅសល់ ១ជើងទៀត ដើម្បីកាត់សេចក្ដីរកបេក្ខភាពឡើងវគ្គផ្ដាច់ព្រ័ត្រផ្លូវការ ដែលការប្រកួតគ្រោងធ្វើឡើងនាថ្ងៃទី១២ ខែតុលាខាងមុខ ដោយក្រុមអគ្គិសនីកម្ពុជាត្រូវបើកទ្វារផ្ទះទទួលក្រុមបឹងកេតវិញម្ដង ខណៈភ្នំពេញក្រោនត្រូវធ្វើដំណើរទៅតតាំងជាមួយក្រុមការពារតំណែងជើងឯកវិសាខាដូចគ្នា៕
អត្ថបទ៖ លី ឈុនឡា