ម៉ូតូទឹក៖ កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា កៃ វ៉ាន់ស៊ីដែន បានបើកទំព័រប្រវត្តិសាស្ដ្រក្នុងអាជីពរបស់ខ្លួនដោយដណ្ដើមបានមេដាយមាសលើកដំបូង ក្នុងការប្រកួតកីឡាម៉ូតូទឹកជ្រើសរើសជើងឯកពិភពលោក Jet Ski World Series Season 2022 សម្រាប់ការប្រកួតជុំទី២ ដែលធ្វើឡើងនៅរដ្ឋ Arizona សហរដ្ឋអាមេរិកក្នុងសប្ដាហ៍នេះ។
ក្នុងចំណោមកីឡាករកម្ពុជា ៥រូបដែលចូលរួមព្រឹត្តិការណ៍នេះ កៃ វ៉ាន់ស៊ីដែន គឺជាកីឡាករដំបូងដែលដណ្ដើមបានមេដាយមាសមុនគេ បន្ទាប់ពីរូបគេធ្វើបានយ៉ាងល្អលើវិញ្ញាសា Novice ski stock។ រីឯកីឡាករផ្សេងៗត្រូវប្រកួតនៅថ្ងៃបន្ដបន្ទាប់ ដ្បិតព្រឹត្តិការណ៍នេះចាប់ផ្ដើមប្រកួតពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២។ ក្រៅពីកីឡាករវ័យក្មេង កៃ វ៉ាន់ស៊ីដែន គឺមានម្ចាស់មេដាយមាសកីឡាអាស៊ី សាលី អ៊ូមើត ជាប្រធានក្រុម, កីឡាករ សាលី ហ្វីលីន, មីន មូស្ដាន់ និង មីន អូស្មាន់ ដែលធ្វើការប្រកួតលើផ្សេងៗគ្នា។ បេសកកម្មនេះក៏ជាឱកាសពង្រឹងសមត្ថភាពបន្ថែម ដើម្បីត្រៀមខ្លួនក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះផងដែរ៕
អត្ថបទ៖ លី ឈុនឡា