មីយ៉ាន់ម៉ា៖ ព័ត៌មានពាក់ព័ន្ធនឹងការកាត់ផ្ដាច់សេវាអ៊ីនធឺណិត ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាន់តែអាក្រក់ទៅកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ស្របពេលដែលប្រព័ន្ធអ៊ីនធឺណិតដែលជាមធ្យោបាយស្របច្បាប់ សម្រាប់ប្រជាជនមីយ៉ាន់ម៉ាក្នុងការចូលប្រើអ៊ីនធឺណិត លែងដំណើរការនៅតាមបណ្ដាញមួយចំនួន។
ខណៈពេលនោះដែរ ក្រុមអាជ្ញាធរបានរឹបអូសអង់តែនផ្កាយរណបផងដែរ ដែលគេប្រើប្រាស់ដើម្បីចាប់យកការផ្សាយព័ត៌មានអន្តរជាតិ។ គេនៅមិនច្បាស់ទេថា តើការកាត់ផ្ដាច់សេវាអ៊ីនធឺណិតយ៉ាងហោចពីរបណ្ដាញគឺបណ្ដាញ MBT និង Infinite ជាការកាត់ផ្ដាច់បណ្ដោះអាសន្ន ឬយ៉ាងណានោះទេ។ បណ្ដាញ MBT បាននិយាយថា សេវាអ៊ីនធឺណិតរបស់ខ្លួនត្រូវបានបញ្ឈប់ ដោយការកាត់ផ្ដាច់ខ្សែរវាងទីក្រុងយ៉ាងហ្គោន និងទីក្រុងម៉ាន់ដាឡេ ដែលជាទីក្រុងធំៗបំផុតរបស់ប្រទេសសហភាពមីយ៉ាន់ម៉ា។ គួរឲ្យដឹងថា របបសឹកយោធាសហភាពមីយ៉ាន់ម៉ា បានកាត់ផ្ដាច់សេវាអ៊ីនធឺណិតជាបណ្ដើរៗ ចាប់តាំងពីរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅ។
ដំបូងពួកគេបានបិទការចូលទៅកាន់ បណ្ដាញទំនាក់ទំនងសង្គមយ៉ាងច្រើន ដូចជាបណ្ដាញទំនាក់ទំនងសង្គម Facebook ហើយបន្ទាប់មកបានកាត់ផ្ដាច់បណ្ដាញទូរស័ព្ទ ដែលជាមធ្យោបាយទូទៅបំផុតក្នុងការភ្ជាប់អ៊ីនធឺណិត។ សូមបញ្ជាក់ថា ការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត លោកស្រី អ៊ុងសាន ស៊ូជី នៅតែបន្ត ថ្វីត្បិតតែមានមនុស្ស ១១នាក់បន្ថែមទៀតត្រូវបានសម្លាប់ ដោយកងកម្លាំងសន្តិសុខកាលពីរយៈពេល ១ថ្ងៃមុនក៏ដោយ។ យោងតាមការអះអាង របស់សមាគមជំនួយអ្នកទោសនយោបាយ (AAPP) បានឲ្យដឹងថា បាតុករជាង ៦០០នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ៕
អត្ថបទ៖ សារ៉ាត់