បាល់ទាត់៖ ក្រុមជើងឯកបារាំង Paris Saint Germain ធ្វើដំណើរទៅទឹកដីព័រទុយហ្កាល់ Benfica នៅក្របខណ្ឌ UEFA Champions League តែកាន់ត្រលប់មកវិញត្រឹម ១ពិន្ទុប៉ុណ្ណោះ។

គ្រាប់បាល់នាំមុខរបស់ PSG កើតចេញពីការលេងយ៉ាងសង់តង់គ្នារបស់ខ្សែប្រយុទ្ធជួរមុខទាំងបីនាក់ Messi, Neymar និង Mbappe ខណៈបញ្ចប់ទីគឺ Lionel Messi ដែលជាស៊ុតបញ្ចូលទីយ៉ាងល្អនៅនាទីទី២២។ យ៉ាងណាក្តីគ្រាប់បាល់ជ័យជំនះរបស់ Messi ត្រូវបានលុបចោលវិញ ក្រោយក្រុមម្ចាស់ផ្ទះតាមស្មើនៅចុងវគ្គទី១ ដោយបាល់ចូលទីខ្លួនឯងរបស់ Danilo ពីបាល់កាត់របស់ Enzo Fernandez។ លទ្ធផលនេះមានន័យថា PSG និង Benfica បន្តឈរលេខ ១ លេខ ២ ក្នុងពូល H ដដែលមាន ៧ពិន្ទុដូចគ្នា។
ចំណែកឯមួយគូទៀតក្នុងពូល H នេះដែរ ក្រុមសេះបង្កង់ Juventus រកបានជ័យជំនះដំបូងរបស់ខ្លួននៅ UCL រដូវកាលនេះ ក្រោយឈ្នះក្រុមភ្ញៀវអ៊ីស្រាអែល Maccabi Haifa ៣-១។ ខ្សែបម្រើ Adrien Rabiot រកបានពីរគ្រាប់ម្នាក់ឯង ខណៈមួយគ្រាប់ទៀតសម្រេចដោយខ្សែប្រយុទ្ធស៊ែប Dusan Vlahovic។ ការប្រកួតយប់មិញនៅកីឡដ្ឋាន Allianz Stadium របស់ Juventus មានអ្នកគាំទ្រមិនដល់ ៣ម៉ឺននាក់ផង ដោយសារពួកគេមិនសប្បាយចិត្តពីទម្រង់លេងបច្ចុប្បន្នរបស់ Juventus ខណៈអ្នកចាត់ការ Massimiliano Allegri កំពុងស្ថិតក្នុងសំពាធ៕
អត្ថបទ៖នាង សុភាវុធ