អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃពុធបានផ្តោតលើការដឹកនាំរបស់រុស្ស៊ីដោយនិយាយថា ពួកគេបានចាញ់សង្គ្រាមរួចហើយ។ លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា ចាញ់សង្គ្រាមព្រោះពេលនេះចូលដល់ថ្ងៃទី២២៤ នៃសង្គ្រាមទ្រង់ទ្រាយធំ ដែលអ្នកត្រូវបានបង្ខំឱ្យពន្យល់ដល់ប្រជាជនរបស់អ្នកអំពីគោលបំណងនៃសង្គ្រាមនេះ។

សម្រាប់បំណងរបស់អ៊ុយក្រែន ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ ជាមួយប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ លោក Zelenskyy បាននិយាយថា វានឹងក្លាយជានិមិត្តរូបដ៏ខ្លាំងដើម្បីរៀបចំការប្រកួតជាមួយគ្នា។ ប្រធានសហព័ន្ធកីឡាបាល់ទាត់នៃប្រទេសទាំង៣ បានប្រកាសអំពីផែនការនេះនៅក្នុងសន្និសីទសារព័ត៌មានក្នុងប្រទេសស្វីសកាលពីថ្ងៃពុធ។ ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃពុធបានបញ្ចេញវីដេអូ នៃអ្វីដែលខ្លួនបាននិយាយថា ជាក្រុមទាហានកេណ្ឌនៅមជ្ឈមណ្ឌលចុះឈ្មោះក្នុងទីក្រុងមូស្គូ។
វីដេអូនេះបានបង្ហាញពីការជួបជុំគ្នាតូចមួយ នៃអ្នកជូនពរឲ្យមានសំណាងល្អសម្រាប់បុរសទាំងនេះ មុនពេលពួកគេចូលក្នុងរថយន្តក្រុងហើយចេញដំណើរ។ នៅក្នុងសេចក្ដីថ្លែងការណ៍ក្រសួងបាននិយាយថា ទាហានបម្រុងត្រូវបានកេណ្ឌចេញពីតំបន់ទីក្រុងមូស្គូ ហើយស្ថិតនៅទីតាំងហ្វឹកហាត់នៅមូលដ្ឋានយោធានៅភាគខាងលិច។ ទាហានទាំងអស់បំពេញតាមបទដ្ឋានសម្រាប់ការប្រើប្រាស់អាវុធធុនតូច ស្តារជំនាញរបស់ពួកគេក្នុងប្រតិបត្តិការ ថែទាំអាវុធ និងឧបករណ៍ពិសេស។ ពួកគេត្រូវបានបណ្ដុះបណ្ដាលលើការការពារនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងគីមី វិស្វកម្ម យុទ្ធវិធី វេជ្ជសាស្ត្រ ក្នុងចំណោមការបណ្ដុះបណ្ដាលជំនាញផ្សេងៗទៀត៕
អត្ថបទ៖ ប៊ុនថន