ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់បណ្ដាគណបក្សនយោបាយ និងសង្គមស៊ីវិលទាំងឡាយ កុំធ្វើការលើកឡើងថា ជំនួយឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ ជាការឃោសនាបោះឆ្នោតឱ្យសោះ ។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩ » សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបន្តជំនួយសង្គមដល់ពលរដ្ឋប៉ះពាល់ដោយកូវីដ-១៩នេះ រយៈពេល១ឆ្នាំទៀតយ៉ាងតិច និងបានស្នើដល់បណ្តាបក្សនយោបាយ សង្គមស៊ីវិល កុំគិតថាការធ្វើរបស់ រាជរដ្ឋាភិបាល ជាល្បែងដើម្បីទាញយកសន្លឹកឆ្នោតនៅឆ្នាំ២០២៣ខាងមុខឱ្យសោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រុមគ្រួសារទាំងអស់ ដែលគ្រប់លក្ខខណ្ឌទទួល និងទទួលបានផលប្រយោជន៍ គឺមិនមែនជាបញ្ហាលេងសើច បញ្ហានយោបាយទេ ប៉ុន្តែជាការទទួលខុសត្រូវ ខ្ពស់ធំណាស់ចំពោះមុខប្រវត្តិសាស្រ្ត៕អត្ថបទ៖ មុត សុទ្ធ
