ភ្នំពេញ៖ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសបើកទេសចរណ៍ ហើយចុងក្រោយនេះកម្ពុជាដកចេញវិធានការប្រកាសសុខភាពលើអ្នកដំណើរអន្តរជាតិ និងបណ្ណវ៉ាក់សាំងកូវីដ១៩ ក្រសួងទេសចរណ៍សំគាល់ឃើញថា ចាប់ពីខែសីហាដល់ខែកញ្ញាកន្លងមកនេះ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាតាមកញ្ចប់ទេសចរណ៍គឺមានការកើនឡើងល្អជាងបណ្តាខែមុនៗ។
បើតាមលោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ទេសចរណ៍ ដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍ បានថ្លែងនៅថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២២នេះថា នៅក្នុងកំណើនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា ក្នុងរយៈពេល៩ខែឆ្នាំ២០២២ មានប្រមាណជាង១លាន២សែននាក់នោះ សំគាល់ឃើញថា មានតែក្នុងរយៈពេល២ខែចុងក្រោយនេះពោលគឺខែសីហា និងខែកញ្ញានេះ ដែលកម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិបានមកទស្សនាកម្ពុជា តាមកញ្ចប់ទេសចរណ៍មានកំណើនល្អប្រសើរជាងបណ្តាខែមុនៗកន្លងមក ហើយយើងរំពឹងថា ក្នុងឆ្នាំ២០២២នេះ នឹងមានភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជា តាមកញ្ចប់ទេសចរណ៍ប្រមាណ៤០% បើប្រៀបធៀបនឹងឆ្នាំ២០១៩ដែលឆ្នាំមិនទាន់មានកូវីដរាតត្បាត។
បើតាមលោក រឿន ភូមិរ៉ា ប្រធានក្រុមហ៊ុនទេសចរណ៍ តាខ្មៅ ហូលីដេ បានថ្លែងថា សម្រាប់ក្រុមហ៊ុនការីទេសចរណ៍លោកក្នុងនៅក្នុងខែកញ្ញានេះ មានទេសចរអន្តរជាតិបានកក់ទិញដើរកញ្ចប់ទេសចរណ៍មានកំណើនប្រមាណ៣០%ធៀបឆ្នាំ២០១៩ ។
លោកស្រី ឆាយ សៀវលីន ប្រធានសមាគមន៍ទីភ្នាក់ទេសចរណ៍កម្ពុជា CATA ថ្លែងថា ចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសបើកប្រទេសមក ភ្ញៀវទេសចរអន្តរជាតិបានកក់ទិញកញ្ចប់ទេសចរណ៍មកទស្សនាកម្ពុជានៅក្នុងអំឡុងខែកញ្ញានេះមានចំនួនច្រើន ហើយចំនួននេះនឹងកើនជាបន្តបន្ទាប់ទៀតរហូតខែមេសាឆ្នាំ២០២៣។
លោកស្រី ឆាយ សៀវលីន បន្តថា យ៉ាងណាក៏ដោយ ក្នុងចំណោមក្រុមហ៊ុនការីទេសចរណ៍ដែលបានព្យួរអាជីវកម្ម មកដល់ពេលនេះ មានក្រុមហ៊ុនការីទេសចរណ៍ប្រមាណជាង ២០០ក្រុមហ៊ុនបានបើកដំណើរការអាជីវកម្មឡើងវិញ ហើយគេកំពុងមានភាពមមាញឹកខ្លាំងក្នុងទំនាក់ទំនងភ្ញៀវអន្តរជាតិ និងរៀបចំកញ្ចប់ទេសចរណ៍តម្លៃសមរម្យជូនភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា នៅក្នុងខែបន្តបន្ទាប់នេះទៀតផងដែរ៕អត្ថបទ ស៊ុម សុខជា


