បាល់ទាត់៖ ក្លិបអាល្លឺម៉ង់ Bayer Leverkusen បានប្រកាសតែងតាំងគ្រូបង្វឹកថ្មីដែលជាអតីតខ្សែបម្រើ Liverpool, Xabi Alonso បន្ទាប់ពីបញ្ចប់តំណែងលោក Gerardo Seoane កាលពីថ្ងៃពុធ។ ក្លិបអាល្លឺម៉ង់បានប្រកាសពីការបញ្ចប់តំណែងគ្រូបង្វឹកសញ្ជាតិស្វីស និងជំនួសវិញដោយគ្រូបង្វឹកវ័យ ៤០ឆ្នាំ Xabi Alonso ដែលមានកិច្ចសន្យាដឹកនាំដល់ឆ្នាំ២០២៤។
Xabi Alonso ធ្លាប់មានអាជីពជោគជ័យពេលកីឡាករទាំងក្រុមជម្រើសជាតិអេស្ប៉ាញ និងក្លិបអាជីពដោយជួយអេស្ប៉ាញឈ្នះជើងឯក World Cup 2010 នៅអាហ្វ្រិកខាងត្បូងជាមួយនឹងការបង្ហាញខ្លួនសរុប ១១៤លើក បូករួមទាំងជើងឯកអឺរ៉ុបនៅឆ្នាំ២០០៨ និង ២០១២ ផងដែរ។ នៅក្លិបអាជីព Alonso ធ្លាប់ឈ្នះជើងឯក UEFA Champions League ជាមួយ Liverpool នៅឆ្នាំ២០០៥ និង Real Madrid នៅឆ្នាំ២០១៤ ក៏ដូចជាជើងឯកអាល្លឺម៉ង់ Bundesliga បីលើកជាមួយ Bayern Munich ផងដែរ។
នេះជាលើកដំបូងក្នុងការដឹកនាំក្លិបអាជីពបែបនេះសម្រាប់ Xabi Alonso បន្ទាប់ពីធ្លាប់ដឹកនាំត្រឹមក្រុមបម្រុងរបស់ Real Sociedad រយៈពេល ៣ឆ្នាំ។ Bayer Leverkusen មានរដូវកាលដ៏អាក្រក់នៅពេលនេះដោយកំពុងឈរលេខ ១៧ មានត្រឹម ៥ពិន្ទុប៉ុណ្ណោះពីការប្រកួត ៨លើក ហើយចុងសប្តាហ៍នេះនឹងត្រូវទទួលក្រុមឡើងថ្មី Schalke 04៕
អត្ថបទ៖នាង សុភាវុធ