
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបិទការធ្វើការនៅតាមស្ថាប័ន របស់ក្រសួងនៅថ្នាក់ជាតិទាំងអស់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ក្នុងសេចក្ដីណែនាំចេញនៅថ្ងៃទី០៩ ខែមេសានេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានណែនាំទៅមន្ត្រីអប់រំទាំងអស់នៅអង្គភាពថ្នាក់ជាតិ ឱ្យបំពេញការងាររដ្ឋបាលតាមប្រព័ន្ធអនឡាញទាំងស្រុង និងធ្វើការពីផ្ទះរៀងៗខ្លួន។
សម្រាប់ការរៀបចំមន្ត្រីសម្រាប់បំពេញការងារប្រចាំវេននោះ រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រាប់ថា មិនចាំបាច់រៀបចំឱ្យមានទៀតទេ ហើយផ្ទុយទៅវិញឯកឧត្តម រដ្ឋមន្ដ្រី ប្រាប់ឱ្យមន្ត្រីទាំងអស់តាមដានសុខភាពរបស់ខ្លួនឯង និងរាយការណ៍ជាបន្ទាន់ទៅកាន់លេខ ១១៥ ប្រសិនបើមានរោគសញ្ញាសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ១៩៕