ពោធិ៍សាត់៖ គោលដៅទេសចរណ៍អាទិភាព ចំនួន ៦កន្លែង ក្នុងខេត្តពោធិ៍សាត់ ត្រូវបានមន្ត្រីជំនាញចាប់ផ្ដើមចុះ សិក្សា ដើម្បីធ្វើការអភិវឌ្ឍសេវាទូរគមនាគមន៍ឲ្យមានវិសាលភាពទូលំទូលាយឡើង សំដៅលើកកម្ពស់វិស័យទេសចរណ៍ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅទីជនបទដាច់ស្រយាលឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមសម្របសម្រួលប្រតិបត្តិការតំបន់ ៣.៤.៥ ក្នុងកិច្ចប្រជុំក្រុមការងារត្រួតពិនិត្យទីតាំងសាងសង់ស្ថានីយអង់តែនទូរស័ព្ទ នៅខេត្តពោធិ៍សាត់ កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា តំបន់ទេសចរណ៍ ដែលជាគោលដៅ ក្រុមការងារអន្តរក្រសួង និងមន្ទីរពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យសិក្សានោះ រួមមាន រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច សហគមន៍ទេសចរណ៍ភ្នំព្រះ សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ ស្ថិតក្នុងស្រុកវាលវែង សហគមន៍ទេសចរណ៍ជំរំសត្វស្លាបបឹងព្រះពន្លៃ ក្នុងស្រុកតាលោសែនជ័យ សហគមន៍តំបន់ការពារធម្មជាតិអេកូទេសចរណ៍រាំងខ្វាវ ក្នុងស្រុកភ្នំក្រវាញ និងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង។
ឯកឧត្តម បានបញ្ជាក់ថា តំបន់ទេសចរណ៍ទាំងនេះ គឺនៅឆ្ងាយដាច់ស្រយាល ចាំបាច់ត្រូវមានការដំឡើងសេវាទូរស័ព្ទ និងអ៊ីនធឺណិត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ ប្រើប្រាស់កាន់តែទូលំទូលាយឡើង។
ឯកឧត្តម បានបញ្ជាក់ថា ការសាងសង់ស្ថានីយ៍អង់តែនបន្ថែមនេះ គឺស្របទៅនឹងយន្តការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សំដៅធ្វើយ៉ាងណាជំរុញកាតព្វកិច្ចរបស់ប្រតិបត្តិករក្នុងការសាងសង់ស្ថានីយបន្ថែម ធ្វើឲ្យសេវាទូរគមនាគមន៍មានគុណភាព និងគ្របដណ្ដប់ឲ្យកាន់តែប្រសើរឡើង។
នៅឯខេត្តពោធិ៍សាត់ ក្រុមការងារអន្តរក្រសួង មន្ទីរពាក់ព័ន្ធ បានចាប់ផ្ដើមចុះពិនិត្យ សិក្សាជំហានដំបូង កាលពីម្សិលមិញ នៅរមណីយដ្ឋានថ្មដាតូច សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ និងសហគមន៍ទេសចរណ៍ភ្នំព្រះ ក្នុងស្រុកវាលវែង និងបន្តចុះគ្រប់តំបន់កម្សាសាន្តជាគោលដៅទាំង៦ ដើម្បីវាយតម្លៃសរុបដាក់ជូនថ្នាក់លើសម្រេច៕ អត្ថបទ៖ ពៅ ភិរុណ