ប្រដាល់សកល៖ ការប្រកួតកីឡាប្រដាល់សកលអាជីព Ultimate Pro Boxing 2022 បានចាប់ផ្ដើមការប្រកួតជាថ្មីហើយកាលពីល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ដោយមានកីឡាករជម្រើសជាតិ ៥គូបានតតាំងគ្នាលើសង្វៀនក្នុងពហុកីឡដ្ឋានជាតិ។ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធ បានចាត់ទុកការប្រកួតនេះគឺជាឱកាសវាស់ស្ទង់ និងពង្រឹងសមត្ថភាពកីឡាករជម្រើសជាតិត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។
សម្រាប់កម្មវិធីប្រកួតដំបូងក៏ដូចជាលទ្ធផលនៃការប្រកួត Ultimate Pro Boxing 2022 រួមមាន៖ កីឡាករ ហ៊ុន គឹមហ៊ាន យកឈ្នះកីឡាករ សែត សារិត ដោយពិន្ទុ, កីឡាករ អុត វិចិត្រ យកឈ្នះកីឡាករ នៅ សុខទី ដោយពិន្ទុ, កីលាករ សៅ រង្សី យកឈ្នះកីឡាករ វណ្ណា លីហៀង ដោយពិន្ទុ។ រីឯគូអន្ដរជាតិគឺកីលាករ អុង ភារ៉ាក់ យកឈ្នះកីឡាករ Martin Chmielo ដោយពិន្ទុ និងកីឡាករ ពេញ វណ្ណថង យកឈ្នះកីឡាករ Remi Aleye ដោយពិន្ទុដូចគ្នា។ លោក ប៊ុន សុភ័ណ្ឌ បានគូសបញ្ជាក់ថា ការរៀបចំនេះដើម្បីផ្ដល់ឱកាសឲ្យកីឡាករជម្រើសជាតិ បានចូលរួមប្រកួតឲ្យបានច្រើន មុនពេលឈានទៅដល់ការប្រកួតនៅកម្រិតអន្តរជាតិ ក៏ដូចជាស៊ីហ្គេមឆ្នាំ២០២៣ តាមរយៈការដកស្រង់បច្ចេកទេស និងពង្រឹងសមត្ថភាពជាដើម ពិសេសស៊ីហ្គេមឆ្នាំ២០២៣។ អ្វីដែលពិសេស ក្រោយបញ្ចប់ការប្រកួតនេះ សហព័ន្ធនឹងបញ្ជូនកីឡាករមួយចំនួនទៅបោះជុំរុំហ្វឹកហាត់នៅថៃ មុនចេញទៅប្រកួតជើងឯកអាស៊ីនៅប្រទេសហ្សកដានីទៀតផង។
អគ្គលេខាធិការសហព័ន្ធដដែលបានបន្ថែមថា ជាមួយការរៀបចំការប្រកួតកីឡាប្រដាល់សកលអាជីពនេះដែរ ក៏មានការចងក្រងក្បួនច្បាប់មួយចំនួន ដើម្បីឲ្យកីឡាករធ្វើយ៉ាងណាប្រកួតឲ្យអស់សមត្ថភាព ហើយប្រសិនបើមន្ត្រីគណៈកម្មការរៀបចំការប្រកួតមើលឃើញថា ប្រកួតមិនអស់សមត្ថភាពនឹងបណ្ដេញចុះពីលើសង្វៀន។ អ្វីដែលពិសេស ដើម្បីសម្រួចគោលដៅស៊ីហ្គេមឆ្នាំ២០២៣ សហព័ន្ធគ្រោងនឹងរៀបចំព្រឹត្តិការណ៍នេះរៀងរាល់ ២សប្ដាហ៍ម្ដង ដើម្បីសម្រួចសមត្ថភាពកីឡាករជម្រើសជាតិកម្ពុជាឲ្យកាន់តែល្អប្រសើរផងដែរ៕
អត្ថបទ៖ លី ឈុនឡា