បាល់ទាត់៖ ក្លិបអេស្ប៉ាញ Sevilla បានប្រកាសពីការតែងតាំងអ្នកចាត់ការថ្មីលោក Jorge Sampaoli ផ្លូវការក្រោយបញ្ចប់តំណែងលោក Julen Lopetegui។ បុរសវ័យ ៦២ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ២ឆ្នាំដឹកនាំ Sevilla ដល់ឆ្នាំ២០២៤ និងជាការត្រលប់មកដឹកនាំ Sevilla ជាលើកទី២ ផងដែរបន្ទាប់ពីធ្លាប់ដឹកនាំមួយរដូវកាល ២០១៦-១៧។

Sevilla បានសម្រេចបញ្ចប់តំណែងអ្នកចាត់ការ Julen Lopetegui ភ្លាមៗក្រោយបរាជ័យក្រោមស្នាដៃក្រុមភ្ញៀវ Borussia Dortmund ៤-១ នៅ UCL កាលពីយប់ថ្ងៃពុធ។ ក្រុមជើងឯក UEFA Europa League ៦សម័យមួយនេះបានបន្តដំណើរយ៉ាប់យ៉ឺនរដូវកាលនេះ ដោយឈ្នះតែ ១ប្រកួតគត់គ្រប់ក្របខណ្ឌ។ Sevilla មានត្រឹម ១ពិន្ទុប៉ុណ្ណោះនៅក្នុងពូល G ខណៈនៅក្របខណ្ឌអេស្ប៉ាញ La Liga កំពុងឈរលេខ ១៧ ក្នុងតារាងមានត្រឹម ៥ពិន្ទុ ដែលជាការចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុតតាំងពីឡើងមកក្របខណ្ឌកំពូលនៅឆ្នាំ២០០១។
មុនមកដល់ Sevilla លើកនេះលោក Jorge Sampaoli បានចេញកាលពីក្លិបបារាំង Marseille កាលពីខែកក្កដា បន្ទាប់ពីមិនសប្បាយចិត្តពីគោលការទិញដូរកីឡាកររបស់ក្លិបបារាំងមួយនេះ ទោះបីជាបានដឹកនាំក្រុមបានលេខ២ នៅ Ligue 1 បង្ហាញខ្លួននៅ UEFA Champions League ក៏ដោយ៕
អត្ថបទ៖នាង សុភាវុធ