ថៃ៖ អតីតមន្ត្រីនគរបាលម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទគ្រឿងញៀន បានសម្រុកចូលទៅក្នុងមជ្ឈមណ្ឌលថែទាំកុមារពេលថ្ងៃមួយកន្លែងកាលពីថ្ងៃព្រហស្បតិ៍ក្នុងប្រទេសថៃ ដោយបានសម្លាប់សិស្សសាលាមត្តេយ្យ និងគ្រូបង្រៀនរាប់សិបនាក់ ហើយបន្ទាប់មកបានបាញ់មនុស្សបន្ថែមទៀតនៅពេលខ្មាន់កាំភ្លើងរូបនេះរត់គេចខ្លួន។

យ៉ាងហោចណាស់មនុស្ស ៣៧នាក់បានស្លាប់ក្នុងនោះមានកុមារ ២៤នាក់នៅក្នុងការបាញ់ប្រហារដ៏ឃោឃៅបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃ។ យោងតាមតាមសេចក្តីរាយការណ៍ ខ្មាន់កាំភ្លើងត្រូវបានគេបណ្ដេញចេញពីកងកម្លាំងនគរបាលកាលពីដើមឆ្នាំនេះ បានបាញ់សម្លាប់ខ្លួនឯងបន្ទាប់ពីសម្លាប់ប្រពន្ធ និងកូននៅផ្ទះ។ ការវាយប្រហារនេះបានកើតឡើងនៅក្នុងទីក្រុងជនបទ Uthai Sawan ក្នុងខេត្ត Nongbua Lamphu ភាគឦសានប្រទេសថៃ ជាតំបន់ក្រីក្របំផុតមួយរបស់ប្រទេសថៃ។ យោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃបានឲ្យដឹងថា ខ្មាន់កាំភ្លើងក៏បានប្រើកាំបិតក្នុងការវាយប្រហារនេះដែរ ហើយបន្ទាប់មកបានរត់គេចខ្លួនចេញពីអគារសាលារៀន។ គ្រូបង្រៀនម្នាក់ដែលបានឃើញហេតុការណ៍បាញ់ប្រហារដ៏សាហាវ នៅមជ្ឈមណ្ឌលថែទាំកុមារនៅភាគឦសានប្រទេសថៃបាននិយាយថា បុគ្គលិកបានចាក់សោទ្វារ នៅពេលនោះពួកគេបានឃើញខ្មាន់កាំភ្លើងសម្រុកចូលមកខាងក្នុងអគារសាលារៀន។

នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha បានសម្តែងនូវទុក្ខសោកខ្លាំងបំផុតរបស់លោកចំពោះជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ និងបាននិយាយថា អាជ្ញាធរកំពុងស៊ើបអង្កេតពីហេតុផលរបស់ខ្មាន់កាំភ្លើង។ ឧត្តមសេនីយ៍ Damrongsak Kittipraphat ស្នងការនគរបាលជាតិបាននិយាយថា បន្ទាប់ពីមានការសម្លាប់រង្គាលនៅមណ្ឌលថែទាំកុមារក្នុងខេត្ត Nong Bua Lamphu ខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងនៅផ្ទះ ហើយប្រពន្ធ និងកូនប្រុសម្នាក់របស់ខ្មាន់កាំភ្លើងក៏ត្រូវបានគេប្រទះឃើញស្លាប់។ លោកនិយាយថា មនុស្សប្រហែល ១០នាក់បានរងរបួសក្នុងការវាយប្រហារនោះ ហើយនគរបាលបានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងមានឈ្មោះ Panya Kamrab អាយុ ៣៤ឆ្នាំ៕
អត្ថបទ៖ ប៊ុនថន