ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សាវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្ត នៃប្រទេសថៃ បានសន្យានៅចំពោះមុខសម្តេចតេជោ ហ៊ុន សែនថា នឹងផ្តល់អាហារូបករណ៍ឱ្យនិស្សិតកម្ពុជា ទៅសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកទេស នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសថៃ ។
ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ អនេក ឡៅថាំម៉ាថាស់ (Anek Laothamatas) រដ្ឋមន្ត្រីក្រសួង ឧត្តមសិក្សាវិទ្យាសាស្ត្រស្រាវជ្រាវ និងនវានុវត្តន៍ នៃព្រះរាជាណាចក្រថៃ ក្នុងពេលចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ខែតុលានេះ បានគោរពអញ្ជើញប្រតិភូកម្ពុជាទៅធ្វើទស្សនកិច្ចជា ផ្លូវការនៅប្រទេសថៃ ដើម្បីពិនិត្យមើលលទ្ធភាពលើវិស័យដែលអាចពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យអប់រំ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រទេសថៃ ដែលតែងតែបានផ្ដល់អាហារូបករណ៍ផ្ដល់កិច្ចសហប្រតិបត្តិការ លើការស្រាវជ្រាវខាងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស័យសុខាភិ បាល។
សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជា ត្រូវការឲ្យនិស្សិតទៅសិក្សាជំនាញ ថ្នាក់អនុបណ្ឌិត និងថ្នាក់ បណ្ឌិត រួមទាំងការស្រាវជ្រាវផងដែរ។ ក្នុងន័យនេះសម្ដេច បានស្នើឲ្យមានការបន្តការពិភាក្សាជាមួយ ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អ និងស៊ីជម្រៅ៕សម្រួល៖ យន់ វ៉ាន់





