អាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Biden បានព្រមានថា ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរគឺមានកម្រិតខ្ពស់បំផុតចាប់តាំងពីវិបត្តិមីស៊ីលគុយបាកាលពីឆ្នាំ១៩៦២ និងបាននិយាយថា លោកកំពុងព្យាយាមបញ្ជាក់លើអ្វីដែលជាគោលដៅរបស់លោក Vladimir Putin ដែលអាចធ្វើដើម្បីបញ្ចៀសការរីកធំថែមទៀតនៃជម្លោះនេះ។

ថ្លែងនៅឯកម្មវិធីរៃអង្គាសថវិកាក្នុងទីក្រុង New York កាលពីយប់ថ្ងៃព្រហស្បតិ៍ លោក Biden បាននិយាយថា ប្រធានាធិបតីរុស្ស៊ីមិនមែននិយាយលេងសើចទេ នៅពេលលោក Putin និយាយពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរតាកទិកដ៏មានឥទ្ធិពល ឬអាវុធជីវសាស្ត្រ ឬអាវុធគីមី ព្រោះយោធារបស់លោក Putin គឺអ្នកអាចនិយាយបានថា មានសមត្ថភាពខ្លាំង។ លោក Biden បានលើកឡើងថា យើងមិនដែលប្រឈមទៅនឹងគំនិតនៃការប្រើសង្គ្រាមនុយក្លេអ៊ែរទេ ចាប់តាំងពីសម័យអតីតប្រធានាធិបតីអាមេរិកលោក John F. Kennedy និងប្រទេសមីស៊ីលគុយបា ដោយលោកបន្ថែមថា យើងមានការគំរាមដោយផ្ទាល់នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើបញ្ហានានាពិតជាបន្តដើរទៅមុខ។
ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកបានព្រមានថា រុស្ស៊ីនឹងប្រឈមផលវិបាកធ្ងន់ធ្ងរបំផុត បើទីក្រុង Moscow បានប្រើអាវុធនុយក្លេអ៊ែរមែន និងនិយាយថា ពួកគេបានទាក់ទងជាលក្ខណៈឯកជនជាមួយក្រុមមន្ត្រីរុស្ស៊ី ទោះយ៉ាងណាក៏ដោយសហរដ្ឋអាមេរិកមិនបានពន្យល់ជាសាធារណៈថា តើខ្លួននឹងឆ្លើយតបបែបណាចំពោះការប្រើនុយក្លេអ៊ែរ ដែលមានវិសាលភាពបំផ្លិចបំផ្លាញយ៉ាងធំធេងពីសំណាក់ទីក្រុង Moscow៕
អត្ថបទ៖ សុខមាន