ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៧ ខែតុលានេះ បានដឹកនាំកិច្ចប្រជុំ ស្តីពីលទ្ធផលនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងអំពើជួញដូរមនុស្ស ជួញដូរ ពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងការងារត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេសជាដើម។
គិតចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ការដាក់ចេញផែនការ ប្រតិបត្តិការ និងយន្តការពីថ្នាក់ជាតិ រហូតដល់មូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ បានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការបង្រ្កាបបនល្បែងខុសច្បាប់ជាដើម។
របាយការណ៍ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៦ ខែតុលា នេះ សមត្ថកិច្ច បានជួយសង្គ្រោះជនបរទេស ចំនួន៥១១នាក់ ពីការជួញដូរ និងឃាត់ខ្លួនជនសង្ស័យបានចំនួន៦៧នាក់ផងដែរ ដែលជនសង្ស័យទាំងនោះ មានជនជាតិចិន ៥២នាក់, ជនជាតិខ្មែរ ១៣នាក់ និងជនជាតិវៀតណាម ០២នាក់។
ដោយឡែកសម្រាប់ការបង្រ្កាបបនល្បែងខុសច្បាប់គ្រប់ប្រភេទវិញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំង អស់ បានឹងកំពុងធ្វើការយ៉ាងសកម្មផងដែរ ដែលរហូតមកដល់ពេលនេះ បានបិទទីតាំងល្បែងខុសច្បាប់ មួយចំនួន និងឃាត់ខ្លួនជនសង្ស័យបានមួយចំនួនផងដែរ៕សម្រួល៖ យន់ វ៉ាន់






