ថៃ៖ អាជ្ញាធរនិយាយថា ខ្មាន់កាំភ្លើងដែលបានវាយប្រហារនៅមជ្ឈមណ្ឌលថែទាំកុមារនៅក្នុងប្រទេសថៃ ហើយក្រោយមកបានបាញ់ចេញពីរថយន្តរបស់ខ្លួន ខណៈគេចខ្លួន ដែលក្នុងហេតុការណ៍នេះបានបណ្តាលមនុស្ស ៣៧នាក់បានស្លាប់រួមមានកុមារ ២៤នាក់។

នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha បានសម្ដែងភាពសោកស្ដាយខ្លាំងបំផុតចំពោះជនរងគ្រោះ និងគ្រួសាររបស់ពួកគេ ហើយអាជ្ញាធរនិយាយថា កំពុងស៊ើបអង្កេតចំពោះអ្វីដែលបណ្តាលឲ្យខ្មាន់កាំភ្លើងប្រព្រឹត្តដូច្នេះ។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសបានទៅពិនិត្យ និងសួរសុខទុក្ខអ្នករងរបួសនៅមន្ទីពេទ្យក្នុងខេត្ត Nongbua Lamphu នៅព្រឹកថ្ងៃសុក្រនេះ។ លោក Anutin Charnvirakul បានជួប និងលោងលោមចិត្តសមាជិកក្រុមគ្រួសារជនរងគ្រោះ ខណៈពួកគេរងចាំព័ត៌មានមនុស្សជាទីស្រលាញ់របស់ពួកគេ។ ឧបនាយករដ្ឋមន្ត្រីលោក Anutin គឺជារដ្ឋមន្ត្រីក្រសួងសុខាភិបាល៕
អត្ថបទ៖ ប៊ុនថន