ប្រណាំងរថយន្ត៖ ជើងឯកប្រណាំង F1 ពិភពលោក ៧សម័យ Lewis Hamilton បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា គ្មានគម្រោងចូលនិវត្តន៍ពីអាជីពឡើយ ទោះបីជាផុតកុងត្រាជាមួយក្រុម Mercedes ក្តី។
កីឡាករវ័យ ៣៧ឆ្នាំអង់គ្លេសរូបនេះនៅមានសុពលភាពកិច្ចសន្យាជាមួយ Mercedes ដល់ដំណាច់ឆ្នាំ២០២៣ ដែលមានន័យថា គេនឹងនៅតែបន្តអាជីពរបស់ខ្លួនដដែលក្រោយផុតកិច្ចសន្យានៅចុងឆ្នាំ២០២៣ ដែលនៅពេលនោះមានវ័យ ៣៨ ជិតចូល ៣៩ឆ្នាំ។ ប្រធានគ្រប់គ្រងបច្ចេកទេសរបស់ Mercedes លោក Toto Wolff បាននិយាយសប្តាហ៍មុនថា Hamilton ធ្លាប់ប្រាក់លោកថា អាចនឹងប្រណាំងយ៉ាងហោចណាស់ ៥ឆ្នាំទៀត។ Hamilton បានចាប់ផ្តើមអាជីព F1 ដំបូងជាមួយក្រុមប្រណាំង McLaren នៅឆ្នាំ២០០៧ មុនពេលផ្លាស់មកកាន់ Mercedes នៅឆ្នាំ២០១២។
Hamilton បានឈ្នះជើងឯកពិភពលោក F1 បួនសម័យកាលជាប់គ្នា និងសរុប ៧លើកមុនពេលដែលបញ្ចប់ដោយកីឡាករហូឡង់ Max Verstappen ដែលឈ្នះជើងឯករដូវកាល ២០២១ កន្លងទៅនៅទីលានចុងក្រោយ និងជុំចុងក្រោយបង្អស់នៅអារ៉ាប់រួម។ មកទល់ពេលនេះ Lewis Hamilton បានយកឈ្នះការប្រកួតសរុប ១០៣ទីលានហើយ តែរដូវកាល ២០២២ នេះមិនទាន់រកបានជ័យជំនះឡើយ ខណៈជួរមុខត្រូវបានគ្រប់គ្រងដោយ Red Bull និង Ferrari៕
អត្ថបទ៖នាង សុភាវុធ