ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលដឹងថា ខ្លួនមានការពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ជាមួយអ្នកមានជំងឺកូវីដ-១៩ ត្រូវតែទៅ ឱ្យគ្រូពេទ្យយកសំណាក ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩។
តាមរយៈហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី០៩ ខែមេសានេះ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បាន អំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យបន្តការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាព នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។
ស្ថានភាពឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដែលកើតចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កំពុងតែមានវិសាលភាពធំឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យព្រួយបារម្ភ ដែលមកដល់ពេលនេះ មានអ្នកឆ្លង ចំនួនជាងបីពាន់នាក់ ក្នុងនេះ ព្យាបាលជាសះស្បើយ មានចំនួនជិតពីរពាន់នាក់ និងស្លាប់២៤នាក់។
ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កំពុងបង្កហានិភ័យធ្ងន់ធ្ងរដល់រាជធានី-ខេត្ត ចំនួន៤ គឺរាជធានី ភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងស្វាយរៀង ជាពិសេសគឺនៅរាជធានីភ្នំពេញតែម្តង ដែលបាននឹង កំពុងឆ្លងរីករាលដាលយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
ដោយសារហានិភ័យនេះ ប្រជាពលរដ្ឋ ត្រូវបានអំពាវនាវម្ដងហើយម្ដងទៀត ឱ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់ជាទីបំផុត បើមិនមានការចាំបាច់ទេ កុំចេញពីផ្ទះ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ គឺពាក់ម៉ាស់ ឧស្សាហ៍លាងសម្អាតដៃនឹងសាប៊ូ ឬ ជែល រក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់ៗគ្នា នៅគ្រប់ទីកន្លែង និងប្រកាន់ខ្ជាប់វិធានការ ៣កុំ គឺ កុំចូលទៅ កន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល កុំ ទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា ចាប់ដៃគ្នា កុំកៀកស្មាគ្នា និងកុំអោបគ្នា ។ល៕
អត្ថបទ ៖ មុត សុទ្ធ
