ភ្នំពេញ ៖ ភាពយន្ត គឺជាមធ្យោបាយទាក់ទងដ៏មានឥទ្ធិពលបំផុតមួយក្នុងចំណោមមធ្យោបាយដទៃទៀត ដោយសារ តែគុណតម្លៃដ៏សំខាន់របស់វា ជាប្រភពដ៏ពេញនិយមនៃការកម្សាន្តនិងអប់រំ។ រឿងរ៉ាវផ្សេងៗត្រូវបានបកស្រាយទៅ ដល់ទស្សនិកជនជាច្រើនតាមរយៈខ្សែភាពយន្ដ ហើយវាក៏បាននាំទស្សនិកជនឱ្យយល់ដឹងអំពីរបកគំហើញនិង ការគិតពិចារណាផងដែរ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ បានរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ (CNSFF 2022) ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស៊ិន ចាន់សាយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឯក ប៊ុនថា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ និងលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងលោក Deependra Chuachan ទីប្រឹក្សានាយកដ្ឋានសិល្បៈ និងផ្សព្វផ្សាយវប្បធម៌។
លោក ឯក ប៊ុនថា បានថ្លែងថា មហោស្រពភាពខ្នាតខ្លី ប្រារព្ធឡើងដើម្បីឈានទៅឲ្យប្រសើរឡើងក្នុងការផលិតភាពខ្នាតវែង។ សព្វថ្ងៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយកចិត្តទុកដាក់ទៅលើវិស័យភាពយន្ត ដែលជាវិស័យមួយ បានជម្រុញគ្រប់សកម្មភាពផ្សេងៗ ក្នុងការអភិវឌ្ឍន៍សង្គម និងទៅដល់សាធារណជន ក្នុងការបកស្រាយនូវបញ្ហាទាំងឡាយក្នុងសង្គម ព្រោះថាវិស័យភាពយន្ត ទោះបីភាពយន្តខ្លី ឬភាពយន្តវែង តែងតែប្រមូលផ្តុំនូវអត្ថន័យទាំងឡាយរបស់សង្គម និងការអភិវឌ្ឍរបស់មនុស្ស ដូចជាប្រវតិ្តសាស្រ្ត សាសនា វប្បធម៌ សង្គម សេដ្ឋកិច្ច អប់រំ កីឡា និងអ្វីៗផ្សេងទៀតផងដែរ។
ជាមួយគ្នានោះដែរ ប៉ុក បូរក្ស បានលើកឡើងដែរថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ ដើម្បីលើកទឹកចិត្តយុវជនក្នុងការអភិវឌ្ឍសមត្ថភាពផលិតភាពយន្តរបស់ពួកគេ និងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យភាពយន្តនៅកម្ពុជា។ ទន្ទឹមនឹងនោះមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី២ បានប្រារព្ធឡើងក្នុងឆ្នាំ២០១៨ ដោយទទួលបាន ចំណាប់អារម្មណ៍ពីទស្សនិកជន និងមានការចូលរួមយ៉ាងច្រើនកុះករ ដើម្បីដណ្ដើមយកពានរង្វាន់។ មហោស្រព នេះត្រូវបានប្រារព្ធឡើងរៀងរាល់ពីរឆ្នាំម្តង ប៉ុន្តែយើងមិនអាចប្រារព្ធនៅឆ្នាំ២០២០ ដោយសារវិបត្តិជំងឺកូវីដ-១៩។ ប៉ុន្តែ ក្នុងឱកាសនេះ មហោស្រពភាពយន្តជាតិបានវិលត្រឡប់មកវិញ ជាមួយនឹងភាពឱឡារិកនិងកាន់តែប្រសើរ ជាងមុន។
សូមបញ្ជាក់ផងដែរថា មហោស្រពជាតិភាពយន្តខ្លីកម្ពុជា លើកទី៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ នៅក្នុងកម្មវិធីបើកមហោស្រព នៅសាលសន្និសីទចតុមុខ នៅថ្ងៃទី១៦។ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ភាពយន្តដែលចូលរួមប្រកួតប្រជែងទាំងអស់ នឹងត្រូវបានចាក់បញ្ចាំងនៅតាមទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ រួមមានសាលសន្និសីទចតុមុខ មជ្ឈមណ្ឌលបុប្ផាណា Cine Hub រោងភាពយន្តមេជ័រ ស៊ីណេផ្លិច (Major Cineplex) រោងភាពយន្ត លេជេន ( Legend Cinema) រោងភាពយន្តប្រាម ស៊ីណេផ្លិច(Prime Cineplex) ។ សូមអញ្ជើញពិនិត្យមើលកម្មវិធីបញ្ចាំងភាពយន្តនាចុងខែវិច្ឆិកានេះ៕អត្ថបទ ៖ រដ្ឋា









