អាមេរិក៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធយានដ្រូនរួមគ្នា ជាមួយចក្រភពអង់គ្លេសកាលពីថ្ងៃសុក្រនៅឈូងសមុទ្រពែក្ស ដោយបានសាកល្បងនាវាស៊ើបការណ៍គ្មានមនុស្សបើកដូចគ្នា ដែលប្រទេសអ៊ីរ៉ង់ចាប់បានពីរលើកកាលពីប៉ុន្មានខែថ្មីៗនេះនៅតំបន់មជ្ឈិមបូព៌ា។

សមយុទ្ធនេះធ្វើឡើង ខណៈកងទ័ពជើងទឹកអាមេរិកបានប្រាប់ក្រុមហ៊ុនដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងតំបន់មជ្ឈិមបូព៌ាថា ខ្លួននឹងបន្តប្រើប្រាស់យានដ្រូននៅក្នុងតំបន់ និងបានព្រមានប្រឆាំងការជ្រៀតជ្រែកក្នុងប្រតិបត្តិការរបស់ពួកគេ។ សមយុទ្ធយានដ្រូនធ្វើឡើង នៅពេលដែលមានភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅលើសមុទ្រនៅតែមានកម្រិតខ្ពស់ ខណៈការចរចាបានជាប់គាំងជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយប្រទេសមហាអំណាចពិភពលោក និងខណៈដែលការតវ៉ាទ្រង់ទ្រាយធំបានកើតឡើងនៅក្នុងសាធារណៈរដ្ឋអ៊ីស្លាមមួយនេះ។
កងនាវាចរទី5 ដែលមានមូលដ្ឋាននៅមជ្ឈិមបូព៌ារបស់កងទ័ពជើងទឹកបាននិយាយថា សមយុទ្ធកាលពីថ្ងៃសុក្រចូលរួមដោយនាវាចម្បាំងអាមេរិកពីរគ្រឿង និងអង់គ្លេសពីរគ្រឿងនៅលើឈូងសមុទ្រពែក្ស ព្រមទាំងនាវារុករក Saildrone បីគ្រឿង។ យានដ្រូនបានស្វែងរកគោលដៅនៅលើសមុទ្រ បន្ទាប់មកបានបញ្ជូនរូបភាពដែលកាមេរ៉ារបស់វាថតបានទៅនាវាចម្បាំង និងមជ្ឈមណ្ឌលបញ្ជារបស់កងនាវាចរទី5៕
អត្ថបទ៖ ប៊ុនថន