អ៊ុយក្រែន៖ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅដើមសប្តាហ៍ក្រោយ សម្រាប់ការពិភាក្សាអំពីមធ្យោបាយធានាសុវត្ថិភាពនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន។

សេចក្តីប្រកាសរបស់អគ្គនាយកទីភ្នាក់ងារ IAEA លោក Rafael Grossi កាលពីថ្ងៃសុក្រ ធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភជាបន្តបន្ទាប់នៅរោងចក្រនេះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៊ី។ លោកនិយាយថា ការបាញ់ផ្លោងកាលពីថ្ងៃព្រហស្បតិ៍ បានធ្វើឱ្យខូចបណ្តាញថាមពលដែលផ្តល់ចរន្តអគ្គិសនី ដល់ម៉ាស៊ីនរ៉េអាក់ទ័រមួយរបស់រោងចក្រ ហើយម៉ាស៊ីនរ៉េអាទ័រនេះត្រូវបានបង្ខំឱ្យពឹងផ្អែកលើម៉ាស៊ីនភ្លើង ដើម្បីផ្គត់ផ្គង់បន្ទាន់ជាបណ្តោះអាសន្ន។
លោក Grossi បានបញ្ជាក់ថា ម៉ាស៊ីនរ៉េអាទ័រដូចគ្នានេះក៏បានបាត់បង់ការផ្គត់ផ្គង់ថាមពលខាងក្រៅ ដោយសារការបាញ់ផ្លោងកាលពីថ្ងៃទី21 ខែកញ្ញា ហើយបានដំណើរការជាបណ្តោះអាសន្នដោយម៉ាស៊ីនភ្លើង។ លោក Grossi និយាយថា មានតម្រូវការបន្ទាន់មួយ ដើម្បីបង្កើតបរិយាកាសស្ថេរភាពបន្ថែមទៀតសម្រាប់រោងចក្រ និងបុគ្គលិករោងចក្រ ដែលលោកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ការពិភាក្សាបន្ថែមអំពីសំណើរបស់ទីភ្នាក់ងារ IAEA ដើម្បីបង្កើតតំបន់ការពារនៅជុំវិញទីតាំងរោងចក្រនេះ៕
អត្ថបទ៖ ប៊ុនថន