បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៨ ខែតុលានេះ ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអាវភ្លៀង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនកងកម្លាំងទាំង៣ប្រភេទ នៅក្នុងខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម ហ៊ុន ម៉ានី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេ ជូនចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញានៅទិសយោធភូមិភាគទី៥ ដែលកំពុងឈរជើងតាមព្រំដែន ។
ឯកឧត្តម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ ជាពិសេស កងកម្លាំងទាំងអស់ តែងតែបានចុះជួយសង្រ្កោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ និងក្នុងដំណាក់ចុងក្រោយនេះ កងកម្លាំងប្រដាប់អាវុធ បានក្លាយជាកម្លាំងស្នូលមួយយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងបានយ៉ាងជោគជ័យ ទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលស្តែងចេញពីការគោរព និងទទួលបញ្ជាយ៉ាងដាច់ណាត់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសភាពការណ៍ ។
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូពីសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់។ ជំនួសមុខឲ្យកងកម្លាំងក្នុងទិសទី១ បន្ទាយមានជ័យ និងក្នុងនាមមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ប្តេជ្ញាការពារឲ្យបានដាច់ខាត និងធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុជាតិ ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ៕











