ភ្នំពេញ ៖ គិតមកត្រឹមថ្ងៃទី ៩ខែមេសា ឆ្នាំ ២០២១នេះ ភូមិសាស្ត្រខណ្ឌច្បារអំពៅ គឺមានទីតាំងចាក់វ៉ាក់សាំងចំនួន ៣កំពុងដំណើរការដើម្បីចាក់វ៉ាក់សាំងជូនក្រុមគោលដៅ ដោយរាប់បញ្ចូលទាំង ក្រុមមន្ត្រី មនុស្សចាស់វ័យចាប់ពី ៦០ឆ្នាំឡើងទៅ និងប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំង។
ក្នុងខណ្ឌច្បារអំពៅ គឺមានទីតាំងចាក់វ៉ាក់សាំងចំនួន ៣កំពុងដំណើរការ សម្រាប់ការចាក់វ៉ាក់សាំងជូនដល់ក្រុមគោលដៅ និងប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត។ ជាក់ស្ដែងទីតាំងទាំង ៣ដែលកំពុងបន្តយុទ្ធនាការរបស់ខ្លួននេះ គឺស្ថិតនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ដែលចាក់វ៉ាក់សាំងជូនក្រុមគោលដៅ និងមនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើងទៅ ទីតាំងពីរគឺស្ថិតនៅមណ្ឌលសុខភាព ព្រែកឯង សម្រាប់ការចាក់ជូនមនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើងទៅដូចគ្នា និងទីតាំង៣ គឺស្ថិតនៅសាលាបឋមសិក្សាបឹងឈូកប្រជុំវង្ស ដែលជាទីតាំងថ្មីបង្កើតឡើងកាលពីថ្ងៃទី ៥ខែមេសាកន្លងទៅ សម្រាប់ប្រជាពលរដ្ឋទូទៅដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង។
ទីតាំងចាក់វ៉ាក់សាំងថ្មីសម្រាប់ប្រជាពលរដ្ឋទូទៅដែលស្ម័គ្រចិត្តនេះ គឺមានវត្តមានរបស់ប្រជាពលរដ្ឋជាច្រើន មកទទួលការចាក់ និងមានការរៀបចំគោរពតាម ការណែនាំដោយមិនមានការប្រមូលផ្ដុំផ្ទុយពីវិធានការការពារនោះទេ។ ក្នុងឱកាសមកទទួលការចាក់វ៉ាក់សាំងនាពេលនេះ ពួកគាត់ជាប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងមើលឃើញថាវ៉ាក់សាំងនេះមានសារៈប្រយោជន៍ជាខ្លាំង សម្រាប់ខ្លួនគាត់ គ្រួសារគាត់ និងសង្គមជាតិ។
សម្រាប់ទីតាំងភូមិសាស្ត្រខណ្ឌច្បារអំពៅ គឺទើបបិទបញ្ចប់ទីតាំងចាក់វ៉ាក់សាំងមួយកន្លែងនៅវិទ្យាល័យច្បារអំពៅ ក្រោយពីទីតាំងនេះ បានបញ្ចប់ការចាក់វ៉ាក់សាំងជូនក្រុមគ្រូបង្រៀនរួចរាល់។ ជុំវិញដំណើរការចាក់វ៉ាក់សាំងនៅទូទាំងរាជធានីភ្នំពេញ ជាទីតាំងមានការរីករាលដាលនៃជំងឺកូវីដ-១៩ ខ្លាំង គឺកំពុងពន្លឿនការចាក់វ៉ាក់សាំងគ្រប់ខណ្ឌទាំង ១៤។ ហើយរដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតទីតាំងចាក់វ៉ាក់សាំងថ្មី១កន្លែង ក្នុង១ខណ្ឌ សម្រាប់ការចាក់ជូនប្រជាពលរដ្ឋទូទៅដែលស្ម័គ្រចិត្ត ដើម្បីពន្លឿនការងារយុទ្ធនាការចាក់វ៉ាក់សាំងនេះ៕
អត្ថបទ៖គឹមហុក