ភ្នំពេញ៖ កម្លាំងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសហការជាមួយកម្លាំងកងរាជអាវុធ រាជធានី បានចុះឃាត់ម៉ូតូធំជាង ២០០គ្រឿងសង្ស័យអត់មានបង់ពន្ធត្រឹមត្រូវ និងដកហូតយកទៅរក្សាទុកនៅអគ្គនាយគយទាំងអស់ ដើម្បីចាត់ការតាមនីតិវិធី។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចស្ថានីយប្រេងកាល់តិច តាមផ្លូវជាតិលេខ៦ ស្ថិតនៅភូមិដើមគរ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
យោងតាមនាយកដ្ឋានគយ បានប្រាប់ថា ការឃាត់ម៉ូតូជាង ២០០គ្រឿងដែលបងប្អូនកំពុងតែប្រមូលផ្ដុំគ្នានៅស្ថានីយប្រេង ដោយកម្លាំងជំនាញបានការត្រួតពិនិត្យប្រសិនម៉ូតូណាមួយអត់មានឯកសារបញ្ជាក់ម៉ូតូ ឬកាតគ្រី គឺត្រូវកម្លាំងអគ្គនាយកដ្ឋានគយប្រើរថយន្តស្ទួចយករក្សាទុកជាបណ្ដោះអាសន្ន នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីប្រើម៉ាស៊ីន អេឡិត្រូនិកដើម្បីពិនិត្យបានចេញម៉ាកម៉ូតូកម្លាំងម៉ាស៊ីន មិនអាចពិនិត្យមើលលើភ្នែកយើងបានដឹងទេ។
ប្រភពព័ត៌មានពីបុរស ម្នាក់ក្នុងចំណោមម៉ូតូជាង២០០គ្រឿង បានប្រាប់ថា យុវជនដែលប្រមូលផ្ដុំគ្នារងចាំគ្រប់ចំនួនធីម ឬក្រុម ហើយបាននាំគ្នាចេញដំណើរតាមផ្លូវជាតិលេខ ៦ទៅកាន់ខេត្តសៀមរាប ដែលតាមការណាត់ជួបក្នុង កម្មពិធី១ឆ្នាំម្ដង គឺការជួបជុំការស្រលាញ់ម៉ូតូធំនៅកម្ពុជាហើយការធ្វើពិធីជួបជុំ១ឆ្នាំធ្វើម្ដង និងប្ដូរខេត្តជារៀងរាល់ឆ្នាំ៕ អត្ថបទ៖ កុម្ភៈ


