ភ្នំពេញ៖ រយៈពេលពីរទៅបីថ្ងៃមកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត ដែលហូរកាត់ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ផ្ដើមហក់ឡើងជាថ្មី។ ទឹកក៏បានហូរចូលក្រោមផ្ទះ ពលរដ្ឋមួយចំនួន ដែលរស់នៅជាប់ផ្ទាល់នឹងមាត់ស្ទឹងផងដែរ។ ការហក់ឡើងនៃកម្ពស់ទឹកស្ទឹងនេះ ធ្វើអោយពលរដ្ឋកាន់តែបារម្ភ និងត្រៀមការពារសុវត្ថិភាពកូនចៅ រឺជម្លៀសដើម្បីសុវត្ថិភាព។
កម្ពស់ទឹកស្ទឹងព្រែកត្នោត ចាប់ផ្ដើមហក់ឡើងជាថ្មីរយ:ពេលប៉ុន្មានថ្ងៃមកនេះ។ គិតត្រឹមថ្ងៃតី ៨ ខែតុលានេះ ប្រជាពលរដ្ឋរស់នៅជាប់មាត់ស្ទឹង ក្នុងភូមិសាស្រ្តខណ្ឌ ដង្កោ អះអាងថាទឹកនៅតែបន្តកើនឡើង ហើយទឹកក៏បានហូរចូលដល់ក្រោមផ្ទះពលរដ្ឋមួយចំនួន ដែលមានដីទាបជាប់នឹងមាត់ស្ទឹងផ្ទាល់តែម្ដង។
កម្ពស់ទឹកបន្តហក់ឡើងនេះ ធ្វើអោយពួកគាត់នៅតែមានការបារម្ភបង្កើនការប្រុងប្រយ័ត្ន ការពារសុវត្ថិភាពកូនចៅតូចៗ និងត្រៀមជម្លៀសទៅលើផ្ទះរឺឡើងមកលើទំនប់ បើសិនមានការជន់លិចដូចរាល់ឆ្នាំ។
កម្ពស់ទឹកស្ទឹងព្រែកត្នោត ទោះបន្តកើនឡើងក្ដី តែគិតត្រឹមពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់មានការចេញសេចក្ដីជូនដំណឹងអោយពលរដ្ឋប្រុងប្រយ័ត្ន រឺប្រកាសអាសន្នពីបញ្ហាទឹកជំនន់ស្ទឹងព្រែកត្នោតនោះទេ។
នៅតាមបណ្ដោយផ្លូវជាប់មាត់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តសង្កាត់ដង្កោ ក៏ឃើញមានការចាក់ដីធ្វើជាទំនប់បន្ថែម ដើម្បីត្រៀមការពារ ក្នុងករណីទឹកហក់ឡើងខ្លាំងផងដែរ។
ពាក់ព័ន្ធនឹងរឿងអាកាសធាតុនេះ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែតុលានេះ បានចេញសេចក្តីជូនដំណឹងស្តីពី ដោយយោងតាមស្ថានភាពអាកាសធាតុដែលបាននឹងកំពុងវិវត្តជាក់ស្តែង នឹងបន្តវិវត្តជាបន្តបន្ទាប់បង្ហាញឲ្យឃើញថា កម្ពុជា ស្ថិតនៅក្នុងតំបន់ប្រសព្វរវាងទ្រនុងសម្ពាធខ្ពស់ពីចិន និងជ្រលងសម្ពាធទាប ដែលរុញច្រានពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង ។ ជាមួយគ្នានោះនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ ក៏នឹងអាចកើតមានសម្ពាធទាបសកម្ម (Active Low) មួយដើរចូលមកលើភាគអាគ្នេយ៍នៃប្រទេសវៀតណាម ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យកម្ពុជា ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២២ ភ្លៀងនឹងនៅតែបន្តធ្លាក់លើផ្ទៃប្រទេស ។
ក្នុងនោះបណ្តាខេត្តនៃតំបន់ខ្ពង់រាបភាគឦសាននិងពាយព្យជាប់ជួរភ្នំដងរែក នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ។ សម្រាប់រាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀតនៅភាគខាងក្រោម នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ ក្នុងចន្លោះពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២២ នឹងអាចមានសភាពអាប់អួរ ដោយមានភ្លៀងលាយឡំនឹងខ្យល់បក់បោកនិងកំសួលរលកសមុទបង្គួរ ។
ក្រសួងធនធានទឹក ក៏បានបញ្ជាក់អោយ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និង សាធារណជន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ៗ៕ អត្ថបទ៖ គឹមហុក