
ភ្នំពេញ: លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានធ្វើការថ្កោលទោសដាច់អហង្កាចំពោះឃាតកម្មដ៏ឃោឃៅមួយនៅប្រទេសថៃ ដែលបានបាញ់ និងចាក់សម្លាប់កូនក្មេង និងមនុស្សចាស់ចំនួន៣៨នាក់កាលពីកន្លងទៅថ្មីៗនេះ ហើយលោកក៏បានចូលរួមរំលែកមរណទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះផងដែរ។
តាមរយៈហ្វេសបុកផ្ទាល់ខ្លួននាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ លោកហ៊ុន ម៉ានី បានលើកឡើងថា តាមរយៈព័ត៌មានថ្មីៗដែលកំពុងផ្សាយតាមបណ្តាញសង្គម និងស្ថាប័នព័ត៌មានអន្តរជាតិមួយចំនួន ខ្ញុំពិតជាមានការតក់ស្លុត និងសោកសង្រេងជាខ្លាំងចំពោះហេតុការណ៍វាយប្រហារដោយកាំភ្លើងនិងកាំបិតសម្លាប់មនុស្សយ៉ាងតិច ៣៨ នាក់ រួមទាំងកុមារ ២២ នាក់ ដោយអតីតប៉ូលីសថៃម្នាក់ ដែលបានចូលទៅប្រព្រឹត្តអំពីដ៏ឃោរឃៅ ក្នុងមជ្ឈមណ្ឌលថែទាំកុមារមួយស្ថិតក្នុងខេត្ត Nong Bua Lam Phu តំបន់ភាគខាងជើងឈៀងខាងកើតទីក្រុងបាងកក កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ។
លោកបានសង្កត់ធ្ងន់ថា« ទង្វើនៃការសម្លាប់ដ៏ឃោរឃៅបែបនេះ មិនថាអ្នកណាជាអ្នកប្រព្រឹត្តនោះទេ យើងត្រូវរួមគ្នាថ្កោលទោសយ៉ាងដាច់អហង្កា និងប្រឆាំងដាច់ខាតចំពោះអំពីវាយប្រហារ មនុស្សឃាតគ្រប់ទម្រង់ និងរូបភាពទាំងអស់ដើម្បីបង្ការការពារមិនឱ្យហេតុការណ៍ដ៏សាហាវ ស្រដៀងគ្នានេះអាចកើតមានឡើងក្នុងសង្គមនាពេលអនាគតឡើយ។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនេះចំពោះជនរងគ្រោះ ក្រុមគ្រួសារ និងអាណាព្យាបាលទាំងអស់ដែលបាត់បង់កូនៗជាទីស្រលាញ់»។
តាមរយៈហ្វេសបុកនេះដែរ លោក ហ៊ុន ម៉ានី ក៏បាន បួងសួងឱ្យវិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយផងដែរ៕ អត្ថបទ: បាន ចក់