ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យឯកឧត្តម អូន ព័ន្ធមុនីរត្ន រដ្ឋមន្រ្តីស្តីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់មន្រ្តីជំនាញចុះទៅតាមខេត្តជាបន្ទាន់ ដើម្បីវាយតម្លៃផលប៉ះពាល់ដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់ ដើម្បីត្រៀមដឹកជញ្ជូនគ្រាប់ពូជផ្តល់ជូនសម្រាប់ពួកគាត់ធ្វើការដាំដុះឡើងវិញ។
តាមរយៈសារសំឡេងកាលពីយប់ថ្ងៃទី៨ តុលា ឆ្នាំ២០២២ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា តាមតួលេខរបស់គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ បានបង្ហាញថា ស្រូវលិចទឹកចំនួន ១៥១.៤១២ហិកតា, និងដំណាំរួមផ្សំផ្សេងៗទៀតមានចំនួន ៤១.០២៤ហិកតា ដូច្នេះដើម្បីឲ្យដឹងស្ថិតិច្បាស់លាស់បន្ថែមទៀត។
សម្តេច បានបញ្ជាឲ្យមានកិច្ចសហការរួមគ្នាវាយតម្លៃ ដើម្បីត្រៀមបម្រុងដឹកពូជស្រូវ និងពូជដំណាំទៅដល់គោលដៅដែលរងផលប៉ះពាល់ខូចខាត និងជួយអន្តរាគមន៍ដល់ពលរដ្ឋឲ្យបានទាន់ពេលវេលា។
តាមរយៈសំឡេងនេះដែរសម្តេចតេជោ នាយករដ្ឋមន្រ្តីក៏បានឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋចំនួន៤នាក់បានស្លាប់ដោយសារទឹកជំនន់ ខណៈខេត្តដែលបានប៉ះពាល់ចំនួន២២ ក្រុង/ស្រុក/ខណ្ឌ ចំនួន៩៦ និង៧៧០ឃុំ ដែលបានលិចលង់ ហើយបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារបានជម្លៀសទៅរកទីទួលសុវត្ថិភាព៕ អត្ថបទ៖ បាន ចក់




