សៀមរាប៖ ក្នុងបេសកកម្មបន្ទាន់តបតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជុំវិញការស្តារដំណាំស្រូវខូចខាតដោយទឹកជំនន់ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ចាប់ផ្ដើមចុះជួបប្រជុំជាមួយអាជ្ញាធរ និងមន្ទីរជំនាញតាមបណ្តាខេត្តជាប់បឹងទន្លេសាប។
ជាក់ស្តែងក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តសៀមរាបមន្ទីរកសិកម្មខេត្តសៀមរាប បានឱ្យដឹងថា ស្រុក៩ បានរងប៉ះពាល់ដោយទឹកជំនន់ ក្នុងនោះមានដំណាំស្រូវ ប៉ះពាល់ ៣២,៤៦៥ហិកតា ស្មើនឹង ២៥,៦២៣គ្រួសារ ដោយដំណាំស្រូវខូចខាត មាន ២,៧៨៣ហិកតា ខណៈទំហំការខូចខាតនេះ គ្រោងធ្វើការស្តារឡើង ជំហានដំបូង ១,៥០០ហិកតា។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់មន្ទីរកសិកម្មខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចាំបាច់ត្រូវសហការគ្នាសិក្សាឱ្យបានម៉ត់ចត់អំពីភូមិសាស្រ្តនីមួយៗដែលត្រូវស្តារឡើងវិញ ក្នុងពេលស្ថានភាពអាកាសធាតុបន្តប្រឈម និងអាចអូសបន្លាយរងគ្រោះដោយទឹកជំនន់។ យ៉ាងណាមិញឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ទោះបីស្ថិតក្នុងកាលៈទេសៈណា ក៏ត្រូវសិក្សាអំពីការស្តារ និងផ្តល់ពូជស្រូវជូនប្រជាកសិករណាដែលទឹកជំនន់បានស្រកឱ្យទទួលបានការស្តារមុនគេ ដើម្បីធានាជីវភាពរបស់បងប្អូនប្រជាកសិករមិនប៉ះពាល់ធ្ងន់ធ្ងរជាងនេះ៕