ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែកផ្លាហ្សា សង្ស័យថា មានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនៅទីនោះ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៩ និង៣០ នាទីព្រឹក ថ្ងៃទី០៩ ខែតុលាឆ្នាំ ២០២២ ដឹកនាំផ្ទាល់ដោយលោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែក ផ្លាហ្សា ដែលស្ថិតនៅផ្លូវលេខ៤៦៦ ភូមិ០៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមមន្ត្រីសាលាខណ្ឌចំការមន បានឱ្យដឹងថា មុនឈានដល់ការចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែកផ្លាហ្សានេះដោយមានការផ្ដល់ព័ត៌មានមកថា ក្នុងទីតាំងនេះមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ដែលផ្ទុយពីអនុសាសន៍របស់សម្ដេច នាយករដ្ឋមន្ត្រី ។
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានដឹកនាំកម្លាំងចុះត្រួតពិនិត្យជាក់ស្ដែង មិនឃើញមានអ្វីដូចដែលការផ្ដល់ព័ត៌មានមកនោះឡើយ។ ដោយជាន់នីមួយៗក្នុងអគារផ្សារបឹងត្របែកផ្លាហ្សា សង្កេតឃើញ ជាន់ក្រោមដីជាចំណតម៉ូតូ,ជាន់ផ្ទាល់ដីជាកន្លែងសម្រាប់បងប្អូនអាជីវករលក់ដូរធម្មតា,ជាន់ទី១ ជាស្នាក់ការរបស់ផ្សារ. ជួលជាការិយាល័យចំនួន ០៤បន្ទប់ និងផ្នែកកណ្ដាលជាលំហ , ជាន់ទី០២ និងជាន់ទី០៣ ជាចំណតរថយន្ត និង ជាន់ទី៤ ជាទីតាំងខារ៉ាអូខេមានចំនួន១៧បន្ទប់ និងបន្ទប់សម្រាប់បុគ្គលិកស្នាក់នៅចំនួន១៣ បន្ទប់។ បន្ទាប់មកមន្ត្រីជំនាញបានត្រួតពិនិត្យអាជីវកម្មទីតាំងខារ៉ាអូខេឃើញថា មានអាជ្ញាប័ណ្ណទេសចរណ៍ និងវិញ្ញាបនប័ត្រ ចុះបញ្ជីត្រឹមត្រូវ។
ជាចុងក្រោយអាជ្ញាធរខណ្ឌចំការមន បានធ្វើការណែនាំដល់ម្ចាស់ទីតាំងផ្សារបឹងត្របែកផ្លាហ្សា ហាមមិនឱ្យមានការធ្វើអាជីវកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងករណីមិនស្ដាប់ការណែនាំអាជ្ញាធរ និងចុះបិទអាជីវកម្មតែម្ដង៕ អត្ថបទ៖ កុម្ភៈ






