កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ ចុះចែកជូនគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងកំពុងត្រូវស្បៀងអាហារជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ដល់ខ្នងផ្ទះ។
នៅថ្ងៃទី៩ខែតុលា ឆ្នាំ២០២២, លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ ដឹកនាំសហការីចែកជូន គ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះនៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ចំនួន៣០គ្រួសារ។
ក្នុងឱកាសនោះដែរលោក លើកឡើងថា អំណោយទាំងអស់នេះ គឺជាអំណោយរបស់សប្បុរសជនរួមគ្នា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ និងកំពុងត្រូវការជាចាំបាច់នូវគ្រឿង ឧបភោគបរិភោគ ដើម្បីជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
លោកបន្តថា បើទោះបីជាស្បៀងអាហារដែលទទួល បានមិនអាចជួយជីវភាពទាំងស្រុងក៏ពិតមែន, ប៉ុន្តែក៏អាចសម្រាលដល់ការលំបាកបានមួយគ្រាផងដែរ។ ហើយការចូលរួមជួយគ្នាក្នុងគ្រាក្រលំបាកនេះ គឺកិច្ចការងារចំបាច់បំផុត ដែលប្រមុខរាជរដ្ឋាភិបាល តែងតែ មានប្រសាសន៍លើកឡើងគ្រប់ទីកន្លែង ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់បំផុត ដោយមិនទុកឲ្យ ប្រជាពលរដ្ឋណាម្នាក់អត់ស្បៀងអាហារមិនមានការជួយជ្រោមជ្រែងពីអាជ្ញាធរនោះឡើយ។ ទាំងអស់នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនរើសអើងជាតិសាសន៍ និងនិន្នាការនយោបាយ។
លោកបន្ថែមថា ក្រៅអំណោយចែកជូន ប្រជាពលរដ្ឋ ដល់ខ្នងផ្ទះនៅពេលនេះ សប្បុរសជន ក៏ផ្តល់ជូនអង្ករដល់គណៈកម្មការគ្រប់គ្រង់គ្រោះ មហន្តរាយខេត្តកំពង់ធំ ចំនួន៦តោន ដើម្បីទុកសម្រាប់សកម្មភាពអាជ្ញាធរចុះជួយប្រពលរដ្ឋដែលខ្វះខាតបន្តទៀត។
ក្នុងនាមអាជ្ញាធរខេត្តកំពង់ធំ លោកសូមថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា ស្ដែងឲ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ដោយស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុង ជួបប្រទះគ្រោះទឹកជំនន់ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ កំពុងជួយបញ្ហាប្រឈម សូមថែរក្សាសុខភាព ការពារក្មេងតូចៗ កុំឲ្យមានគ្រោះថ្នាក់ដោយសារលង់ទឹក និងបាត់បង់អាយុជីវិតដោយសត្វអាចសាហាវទិច ឬខាំជាដើម៕








