បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៧ឆ្នាំកម្ពុជាបានបញ្ចប់បេសកកម្មលើទឹកដីអូស្ដ្រាលី ក្នុងវគ្គជម្រុះពានរង្វាន់យុវជនអាស៊ី AFC U17 Asian Cup 2023 ហើយដោយរកបាន ៣ពិន្ទុប៉ុណ្ណោះ ក្រោយប្រកួតបញ្ចប់ពូល G បានយកឈ្នះក្រុមយុវជន U17 កោះម៉ារីអាណាខាងជើង ៤-០។

ជំនួបបង្គ្រប់កិច្ចនេះក្រុមគោព្រៃជំទង់កម្ពុជា បានបើកការនាំមុខក្រុមយុវជនកោះម៉ារីអាណាខាងជើង ៣-០ នៅវគ្គទី១ មុនបន្ថែម ១គ្រាប់ទៀតនៅវគ្គទី២។ នេះគឺជាជ័យជម្នះតែ ១គត់ក្នុងចំណោម ៣ប្រកួតនៃពូល G សម្រាប់បេសកកម្មមួយនេះ បន្ទាប់ពី ២ប្រកួតដំបូងបានចាញ់ក្រុមយុវជនចិន ៩-០ និងចាញ់ម្ចាស់ផ្ទះអូស្ដ្រាលី ១០-០។ យ៉ាងណាមិញក្នុងនាមក្រុមការងារក្រុមជម្រើសជាតិយុវជនកម្ពុជា តាមរយៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្ដែងការអរគុណដល់អ្នកគាំទ្រដែលតែងគាំទ្រ និងលើកទឹកចិត្តកីឡាករកម្ពុជា ពិសេសប្រជាពលរដ្ឋខ្មែររស់នៅអូស្ដ្រាលី ដែលបានធ្វើដំណើរពីចម្ងាយដើម្បីចូលរួមទស្សនា និងគាំទ្រលើកទឹកចិត្តផ្ទាល់ដល់ក្រុមជម្រើសជាតិ U17 កម្ពុជា។

ក្នុងពូលជាមួយក្រុមយុវជនកម្ពុជានេះដែរ ក្រុមម្ចាស់ផ្ទះ U17 អូស្ដ្រាលីបានដឹកដៃគ្នាជាមួយក្រុមយុវជនចិនឡើងទៅវគ្គបន្ដ ទោះបីប្រកួតបញ្ចប់ពូលអូស្ដ្រាលីបានយកឈ្នះចិន ៣-១ ក៏ដោយ។ អូស្ដ្រាលីបានឈរកំពូលតារាងដោយរកបាន ៩ពិន្ទុពេញ ខណៈចិនបានឡើងវគ្គបន្ដក្នុងនាមក្រុមលេខ២ ល្អជាងគេ៕
អត្ថបទ៖ លី ឈុនឡា