ប្រណាំងម៉ូតូ៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃដណ្ដើមជើងឯកឆ្នាំ២០២២ វគ្គទី២ ឬ Enduro Cross Challenge Championship Round 2 Series 2022 នឹងធ្វើឡើងនាថ្ងៃទី២៩ ខែតុលាខាងមុខនៅទីលានសន្ដិភាព ក្បែរគល់ស្ពានព្រែកព្នៅ ជាមួយការបន្ថែមនូវឧបសគ្គមួយចំនួន ក្នុងផ្លូវប្រណាំងដែលទទួលបានការសាទរទាំងស្រុងពីសំណាក់កីឡាករចូលរួម។
លោក ពេជ្រ សុខា អ្នកផ្ដួចផ្ដើមគំនិតរៀបចំព្រឹត្តិការណ៍នេះបានឲ្យដឹងថា ដោយសារមានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនដៃគូ និងមានការគាំទ្រពីកីឡាករ ទើបជំរុញឲ្យមានព្រឹត្តិការណ៍វគ្គទី២ កើតឡើងនាពេលឆាប់ៗខាងមុខ ដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាម៉ូតូត្រៃកម្ពុជាឲ្យកាន់តែរីកចម្រើន ឈានទៅរកការប្រកួតប្រជែងលើឆាកអន្ដរជាតិ។ រីឯលោក នួន ឧត្តម តំណាងក្រុមហ៊ុន DUNLOP ក៏បានសម្ដែងការគាំទ្រពេញទំហឹង ចំពោះការរៀបចំព្រឹត្តិការណ៍នេះផងដែរ។ ដោយឡែកតំណាងក្លិប ពិសេសកីឡាករដែលបានចុះឈ្មោះរួចរាល់ ដើម្បីចូលរួមព្រឹត្តិការណ៍ Enduro Cross challenge Championship 2022 វគ្គទី២ ចុងខែនេះបានសម្ដែងសេចក្ដីរីករាយ ដែលកម្មវិធីនេះហៀបនឹងកើតឡើងជាថ្មី ពិសេសការបន្ថែមនូវឧបសគ្គលើផ្លូវប្រណាំង ដែលជាបច្ច័យដ៏ល្អសម្រាប់កីឡាករក្នុងការខិតខំ និងអភិវឌ្ឍន៍សមត្ថភាពបន្ថែមសម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍នេះ ក៏ដូចជាការប្រកួតអន្ដរជាតិផ្សេងៗ។
គួរដឹងថា ព្រឹត្តិការណ៍ Enduro Cross challenge Championship 2022 វគ្គទី១ បានរៀបចំកាលពីចុងខែមីនា ឆ្នាំ២០២២ កន្លងទៅ ដោយមានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិជាង ១០០នាក់ចូលរួម។ ប៉ុន្ដែវគ្គទី២ នេះ គណៈកម្មការរៀបចំមានសុទិដ្ឋិនិយមថា នឹងមានអ្នកចូលរួមច្រើនមិនចាញ់វគ្គទី១ ឡើយ ដ្បិតមកទល់ពេលនេះមានកីឡាករប្រមាណ ៥០% ហើយដែលបានចុះឈ្មោះរួចរាល់ ខណៈការចុះឈ្មោះនឹងបន្ដទទួលពាក្យរហូតដល់ ១ថ្ងៃមុនការប្រកួតចាប់ផ្ដើម។ នេះបើតាមការបញ្ជាក់របស់លោក ពេជ្រ សុខា បន្ទាប់ពីលោកបានរៀបចំនូវការប្រកួតសមទីលានកាលពីល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ៕
អត្ថបទ៖ លី ឈុនឡា