ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្តម Stefan Anton Messerer ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ សហព័ន្ធអាល្លឹម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ឯកឧត្តម Stefan Anton Messerer ត្រូវបានរដ្ឋាភិបាលអាល្លឺម៉ង់ តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ហើយឯកឧត្តម Stefan Anton Messerer ក៏ធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលថ្មីៗនេះ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាល្លឺម៉ង់ ឱ្យកាន់តែល្អប្រសើរ។
ឯកអគ្គរដ្ឋទូតថ្មីរបស់អាល្លឺម៉ង់រូបនេះ ក៏បានអញ្ជើញចូលជួបថ្នាក់ដឹកនាំនៅតាមស្ថាប័នកំពូលៗរបស់ជាតិ ក៏ដូចជាតាមក្រសួងស្ថាប័ននានាផងដែរ និងបានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការរួមចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
អាល្លឺម៉ង់ គឺជាប្រទេសមួយដែលបានរួមចំណែកជាច្រើន ក្នុងការអភិវឌ្ឍកម្ពុជាក្រោយងើបចេញពីភ្លើងសង្គ្រាម។ រយៈពេលប្រមាណ ២៨ឆ្នាំមកនេះ អាល្លឺម៉ង់ បានគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា លើវិស័យបោសសម្អាតមីន ការអប់រំ វប្បធម៌ អភិបាលកិច្ចល្អ ការអភិវឌ្ឍជនបទ ថាមពល ការការពារសង្គម និងវិមជ្ឈការ ចូលរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
គួរបញ្ជាក់ថា សម្រាប់វិស័យសេដ្ឋកិច្ច ប្រទេសទាំងពីរ នៅតែបន្តទទួលបានទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំ និងរីកចម្រើន ខណៈប្រទេសអាល្លឺម៉ង់ គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ក្នុងចំណោមប្រទេសសមាជិកសហគមន៍អឺរ៉ុប ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីលើសពី១ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕








