បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសដែលជាជើងឯករងពានរង្វាន់ទ្វីបអឺរ៉ុប ជាថ្មីម្តងទៀតនឹងត្រូវជួបជាមួយក្រុមជើងឯកអឺរ៉ុបអ៊ីតាលីនៅវគ្គជំរុះ Euro 2024 ដែលនឹងរៀបចំនៅប្រទេសអាល្លឺម៉ង់។ ការចាប់ឆ្នោតដែលរៀនចំនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ អ៊ីតាលីដែលបានយកឈ្នះអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រ Euro 2020 ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី និងជាក្រុមក្នុងពូលជាមួយគ្នាដែរនៅ UEFA Nations League ត្រូវស្ថិតក្នុងពូល C ជាមួយនឹងអ៊ុយក្រែន ម៉ាសេដ្វាន់ខាងជើង និងម៉ាល់តា។
ក្រុមទាំងពីរមានអនុស្សាវរីយ៍ជូរចត់ជាមួយគ្នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយអង់គ្លេសតែងតែជួបនឹងលទ្ធផលមិនល្អ។ ចំណែកអ៊ីតាលីក៏នឹងត្រូវជួបជាមួយម៉ាសេដ្វាន់ខាងជើង ដែលធ្លាប់បានទំលាក់អ៊ីតាលីពីវគ្គ Play-Off ដែលធ្វើឱ្យក្រុមរបស់លោក Roberto Mancini ខកខានមិនបានចូលរួមការប្រកួត World Cup 2022 ឆ្នាំនេះ។ សម្រាប់លទ្ធផលការចាប់ឆ្នោតផ្សេងទៀតមានដូចជា បារាំងស្ថិតក្នុងពូល B ជាមួយហូឡង់ សាធារណរដ្ឋអៀកឡង់ ក្រិក និងស៊ីប្រាល់តា។ ពូល A អេស្ប៉ាញ ស្កុតឡេន ន័រវេស ហ្សកហ្ស៊ី និង កោះស៊ីប។ ពូល D ក្រូអាស៊ី វែល អាមេនី ទួកគី និងឡេតូនី។ ពូល E ប៉ូឡូញ ឆែក អាល់បានី ហ្វារូអ៊ីស្លង់ និងម៉ូលដាវី។
ពូល F មានប៊ែលហ្ស៊ិក អូទ្រីស ស៊ុយអែត អាស៊ែបៃសង់ និងអេស្តូនី។ ពូល G មានហុងគ្រី ស៊ែប ម៉ុងតេណេក្រូ ប៊ុលហ្ការី និងលីទុយអានី។ ពូល H មានដាណឺម៉ាក ហ្វាំងឡង់ ស្លូវេនី កាហ្សាក់ស្ថាន អៀកឡង់ខាងជើង និងសាន់ម៉ារីណូ។ ពូល I ស្វីស អ៊ីស្រាអែល រ៉ូម៉ានី កូសូវ៉ូ បេឡារុស និងអង់ដូរ៉ា។ ពូល J ព័រទុយហ្កាល់ បូស្នៀ អ៊ីស្លង់ លុចហ្សាំបួរ ស្លូវ៉ាគី និងលិចស៊ែនស្តែន។ ការប្រកួតវគ្គជម្រុះនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែមីនាឆ្នាំក្រោយបញ្ចប់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដដែល៕
អត្ថបទ៖នាង សុភាវុធ