អ៊ីរ៉ង់៖ ការតវ៉ាប្រឆាំងរដ្ឋាភិបាលបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ នៅក្នុងទីតាំងមួយចំនួនទូទាំងប្រទេសអ៊ីរ៉ង់ ខណៈការតវ៉ាដ៏ហិង្សាបំផុតមិនធ្លាប់មានក្នុងពេលជាច្រើនឆ្នាំមកនេះ បានឈានចូលសប្ដាហ៍ទី៤។ មនុស្សយ៉ាងហោចណាស់ ២នាក់បានស្លាប់។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅអ៊ីរ៉ង់ IranHR មានមូលដ្ឋាននៅក្នុងប្រទេសន័រវ៉េហ្ស បានកំណត់ចំនួនអ្នកស្លាប់ចាប់តាំងពីការតវ៉ាបានផ្ទុះឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់រហូតដល់ ១៥៤នាក់។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សនេះបាននិយាយថា គិតត្រឹមថ្ងៃទី៣១ ខែកញ្ញា សារព័ត៌មានរដ្ឋអ៊ីរ៉ង់បានដាក់ចំនួនអ្នកស្លាប់ត្រឹម ៦០នាក់។ ក្រុមអ្នកដើរក្បួនបានស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាល និងក្រវីស្បៃរុំក្បាល ជំទាស់ទៅនឹងការស្លៀកពាក់ដ៏តឹងរ៉ឹងរបស់សាសនាអ៊ីស្លាម។ នៅក្នុងតំបន់មួយចំនួន ម្ចាស់ហាងអាជីវកម្មបានបិទហាង ឆ្លើយតបទៅនឹងការអំពាវនាវដោយក្រុមសកម្មជនជៀសវាងការខូចខាតអាជីវកម្ម ឬការពារទ្រព្យសម្បត្តិរបស់ពួកគេពីការខាតបង់។
ការតវ៉ាបានផ្ទុះឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា បន្ទាប់ពីការស្លាប់ស្ត្រីវ័យ ២២ឆ្នាំ Mahsa Amini ជាស្ត្រីជនជាតិភាគតិចឃើដម្នាក់ដែលបានស្លាប់ក្នុងពេលនគរបាលអ៊ីរ៉ង់ឃាត់ខ្លួនសាកសួរ។ Amini ត្រូវបានឃាត់ខ្លួនពីបទបំពានច្បាប់ស្លៀកពាក់ដ៏តឹងរ៉ឹងលើស្ត្រីរបស់សាសនាអ៊ីស្លាម។ ចាប់តាំងពីពេលនោះមកការតវ៉ាបានរាលដាលពាសពេញប្រទេស និងត្រូវបានឆ្លើយតបដោយការបង្ក្រាបយ៉ាងចាស់ដៃ ដែលបានសម្លាប់មនុស្សជាង ១០០នាក់ និងរាប់រយនាក់ត្រូវបានចាប់ខ្លួន៕
អត្ថបទ៖ សុខមាន