ថៃ៖ សមាជិកក្រុមគ្រួសារបានប្រមូលផ្ដុំគ្នាកាលពីថ្ងៃអាទិត្យ នៅខាងក្រៅមណ្ឌលថែទាំកុមារពេលថ្ងៃ ខណៈពិធីបុណ្យមួយត្រូវបានធ្វើឡើង សម្រាប់ជនរងគ្រោះក្នុងការបាញ់ប្រហារសម្លាប់រង្គាលច្រើនបំផុតរបស់ប្រទេសថៃ។

ក្រុមគ្រួសារដែលកំពុងមានទុក្ខបានមកប្រមូលផ្ដុំគ្នានៅវត្តអារាមមួយកន្លែង ដើម្បីបួងសួង និងរំឭកដល់ដួងវិញ្ញាណក្ខន្ធចៅរបស់ពួកគេ ដែលបានស្លាប់ក្នុងការបាញ់ប្រហារដ៏សាហាវពីសំណាក់អតីតមន្ត្រីនគរបាលម្នាក់ នៅមណ្ឌលថែទាំកុមារពេលថ្ងៃក្នុងភាគឦសានប្រទេសថៃកាលពីព្រហស្បតិ៍ ទី៦ ខែតុលាសប្ដាហ៍មុន។ សារព័ត៌មាន AP បានរាយការណ៍ថា សមាជិកក្រុមគ្រួសារបានជួបជុំគ្នាកាលពីថ្ងៃអាទិត្យនៅវត្ត Rat Samakee មួយក្នុងចំណោមវត្ត៣ ជាទីដែលសាកសពជនរងគ្រោះទាំង ៣៦នាក់ក្នុងនោះ ២៤នាក់ជាកុមារ និងភាគច្រើនជាមត្តេយ្យសិក្សានឹងត្រូវតម្កល់សម្រាប់ពិធីបុណ្យសព និងបូជាតាមប្រពៃណីនៅថ្ងៃអង្គារស្អែកនេះ។

សាច់ញាតិបានអង្គុយនៅខាងមុខមឈូសតូចៗ ខណៈព្រះសង្ឃសូត្រធម៌អមជុំវិញ។ ក្រោយមកពួកគេបានដាក់ថាសម្ហូប របស់របរក្មេងលេង និងទឹកដោះគោនៅខាងក្រៅវត្តអារាម និងឧទ្ទិសទានដល់ដួងវិញ្ញាណក្ខន្ធកូនចៅរបស់ពួកគេដែលបានស្លាប់៕
អត្ថបទ៖ សុខមាន