ភ្នំពេញ៖ អន្តរក្រសួងបានចាប់ផ្តើមប្រជុំអនុម័តសេចក្តីព្រាងចុងក្រោយ ដើម្បីបង្កើតរចនាសម្ព័ន្ធដឹកនាំ និងគ្រប់គ្រងដើម្បីជួយលើកកម្ពស់ផលិតផល ស្វាយចន្ទីនៅកម្ពុជា ខណៈផលិតផលនេះ គឺជាផលិតផលមានសក្តានុពលសម្រាប់សេដ្ឋកិច្ច។
សន្និបាតកំណើតដំបូងនៃសហព័ន្ធស្វាយចន្ទីកម្ពុជា ត្រូវបានធ្វើឡើង នៅថ្ងៃទី១០ ខែតុលានេះដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងចុងក្រោយនៃលក្ខន្តិកៈសហព័ន្ធស្វាយចន្ទីកម្ពុជាដែលត្រូវបានរៀបចំ និងកែលម្អដោយក្រុមការងារ បន្ទាប់ពីបានប្រមែប្រមូល និងបញ្ចូលធាតុចូលដែលទទួលបានពីសិក្ខាសាលាណែនាំ និងប្រឹក្សាយោបល់ថ្នាក់តំបន់ មានចំនួនពីរលើក ដែលបានធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ២០២១ កន្លងមកនេះ។
ចំណែកទាក់ទងនឹងការបង្កើតរចនាសម្ព័ន្ធដឹកនាំ និងគ្រប់គ្រង គឺធ្វើឡើងតាមរយៈដំណើរការបោះឆ្នោតដោយសន្និបាត ដើម្បីពិភាក្សា និងអនុម័តលើផែនការការងារ របស់សហព័ន្ធស្វាយចន្ទីកម្ពុជា សម្រាប់ឆ្នាំខាងមុខ។
លទ្ធផលនៃសន្និបាតកំណើតដំបូងនេះ នឹងត្រូវបានចងក្រងជាឯកសារ និងរៀបចំជារបាយការណ៍ដែលជាឯកសារចាំបាច់សម្រាប់ការចុះបញ្ជី ជាផ្លូវការនៅទៅក្រសួងមហាផ្ទៃ។
សន្និបាតកំណើតដំបូងនសហព័ន្ធស្វាយចន្ទីកម្ពុជា គឺមានការចូលរួមពីកសិករផលិតស្វាយចន្ទីប្រមាណពី ៤០-៥០នាក់ ដែលជាអ្នកដឹកនាំ ឬតំណាងមកពីសមាគមស្វាយចន្ទីកម្ពុជា សហគមន៍កសិកម្ម ឬក្រុមអ្នកផលិតស្វាយចន្ទីនៅក្នុងខេត្តទាំង ១០ ដែលផលិតស្វាយចន្ទីធំជាងគេនៅកម្ពុជា គឺខេត្តកំពង់ធំ ព្រះវិហារ សៀមរាប ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ឧត្តរមានជ័យ កំពង់ចាម និងត្បូងឃ្មុំ។
តំណាងក្រុមហ៊ុនឯកជន មកពីក្រុមហ៊ុនកែច្នៃ និងក្រុមហ៊ុនពាណិជ្ជកម្មស្វាយចន្ទី និងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម ប្រមាណពី២៥ ទៅ៣០នាក់ ដែលជាតួអង្គនៃខ្សែច្រវាក់តម្លៃស្វាយចន្ទីនឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងអង្គសន្និបាតកំណើតដំបូងនេះ៕

