ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា មនុស្ស ៥៧៦នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ ខណៈអ្នកជំងឺកូវីដ១៩ចំនួន ៧០នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលប្រកាសថា ករណីឆ្លងថ្មីទាំង ៥៧៦នាក់នោះ សុទ្ធតែជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីដល់ទៅ ៥៤៤នាក់ ត្រូវបានរកឃើញនៅក្នុងរាជធានីភ្នំពេញ បន្ទាប់មកខេត្តស្វាយរៀងរកឃើញអ្នកឆ្លងថ្មី ១៦នាក់ ខេត្តព្រះសីហនុរកឃើញករណីថ្មី ១២នាក់ ខេត្តសៀមរាបរកឃើញថ្មី ២នាក់ និងរកឃើញ ១ករណីៗនៅក្នុងខេត្តកណ្ដាល និងកំពង់ចាម។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សដល់ទៅ ៣ ៦០៤នាក់ហើយបានឆ្លងមេរោគកូវីដ១៩នៅទូទាំងប្រទេសគិតចាប់តាំងពីថ្ងៃទី២៧ ខែមករាឆ្នាំមុន ជាថ្ងៃដែលកម្ពុជារកឃើញករណីឆ្លងកូវីដ១៩ជាលើកដំបូង។
ក្នុងចំណោមតួលេខសរុប មនុស្សដល់ទៅ ៣ ០៧២នាក់ ឬស្មើនឹងជាង ៨២ភាគរយ បានឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីពួកគេបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ក្រសួងសុខាភិបាលក៏បានប្រកាសផងដែរថា អ្នកជំងឺកូវីដ១៩ចំនួន ៧០នាក់បន្ថែមទៀត ត្រូវបានព្យាបាលជាសះស្បើយហើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យហើយ។
គិតមកដល់ថ្ងៃនេះ ចំនួនអ្នកជំងឺកូវីដ១៩ដែលត្រូវបានព្យាបាលជាសះស្បើយ បានកើនឡើងដល់ ១ ៩៨៤នាក់ហើយ ខណៈអ្នកជំងឺកូវីដ១៩ ១ ៥៩១នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕