ភ្នំពេញ៖ កម្ពុជាបាននាំចេញអង្ករ មានបរិមាណសរុប ៤៤៩ ៣២៥តោន និងស្រូវមានបរិមាណសរុប ២.៣៥លានតោន ក្នុងរយៈពេល៩ខែឆ្នាំ២០២២នេះ ទទួលចំណូលជិត ៨៥០ លានដុល្លារ ។
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា បានបញ្ជាក់ថា នៅរយៈពេល៩ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញស្រូវ និងអង្ករ ទទួលចំណូលជិត ៨៥០លានដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់រយៈពេល ៣ត្រីមាសកើនបាន១០ ភាគរយ ដែលមានបរិមាណសរុបចំនួន ៤៤៩ ៣២៥ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨៦ លានដុល្លារសហរដ្ឋអាមេរិក។
ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២ ប្រទេសកម្ពុជា បាននាំចេញអង្ករគ្រប់ប្រភេទបានចំនួន ៤៤៩ ៣២៥តោន ទៅកាន់គោលដៅចំនួន៥៥ ក្នុងនោះ នាំចេញទៅកាន់ប្រទេសចិន រួមចំណែក ៤៤.០៩ ភាគរយ ប្រទេសបារាំង ១៤.៨៣ ភាគរយ ប្រទេម៉ាឡេស៊ី ៥.៥៨ ភាគរយ ប្រទេសហូឡង់ ៤.៦៥ ភាគរយ ប្រទេសអ៊ីតាលី ២.៦៥ ភាគរយ ប្រទេសហ្កាប៊ុង ២.៦៣ ភាគរយ ប្រទេសព្រុយណេ ២.៤៤ ភាគរយ ចក្រភពអង់គ្លេស ២.៤៥ ភាគរយ និងប្រទេសអាល្លឺម៉ង់ ២.០៨ភាគរយ។
ក្នុងចំណោមនៃអង្គរនាំចេញសរុប អង្ករក្រអូបប្រណិត រូមចំណែក ៣៩ ភាគរយ ឬ ១៧៧ ៤៨១ តោន អង្ករសែនក្រអូបចំនួនជិត២៩ ភាករយ ឬ១២៨ ៧៥៣ តោន អង្ករសគ្រាប់វែងចំនួនជិត ២៨ភាគរយ ឬ ១២៣ ៣១៨ តោន អង្ករចំហុយជាង ២ ភាគរយ ឬ ១០ ៦៨០ តោន និងអង្ករសរីរាង្គចំនួនជិត ២ ភាគរយ ឬ ៨ ១០៦ តោន។
ចំណែក ការនាំចេញស្រូវ បានចំនួន ២,៣៥ លានតោន ដែលមានតម្លៃប៉ាន់ស្មានប្រមាណចំនួន ៥៦៣ លាន ដុល្លារសហរដ្ឋអាមេរិក ត្រូវបាននាំចេញវចេញទៅប្រទេសវៀតណាម ៕អត្ថបទ៖ វណ្ណៈ


