កោះកុង៖ ប្រជាពលរដ្ឋ និងអ្នកទេសចរមកពីទីជិតឆ្ងាយ រមែងរំលងការចូលទស្សនាបន្ទប់សារមន្ទីរវប្បធម៌ខេត្តកោះកុង គឺមានតែសិស្សានុសិស្សតិចតួចប៉ុណ្ណោះ បានចូលស្វែងយល់ដឹង។ នេះបើតាមការឱ្យដឹងរបស់ ប្រធានការិយាល័យសារមន្ទីរនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។
ក្នុងមួយសប្តាហ៍ មានមនុស្សមិនលើសពី១៥នាក់នោះទេ ដែលភាគច្រើនជាសិស្សានុសិស្ស ក្នុង ក្រុងខេមភូមិន្ទ បានចាប់អារម្មណ៍ចូលទស្សនាស្វែងយល់ដឹងពីប្រវត្តិវត្ថុបុរាណ ដែលដាក់តាំងក្នុងបន្ទប់ សារមន្ទីរវប្បធម៌ខេត្តកោះកុង។
លោក ម៉ាក សេ ប្រធានការិយាល័យសារមន្ទីរ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកោះកុង បានឱ្យដឹងថា ភាពខ្សត់ចំនួនអ្នកចូលទស្សនាសារមន្ទីរនេះ ក៏ព្រោះតែកង្វះការផ្សព្វផ្សាយពីភាគីពាក់ព័ន្ធទៅកាន់សាធារណជន និងម៉្យាងទៀត ក្រុមការងារ មិនទាន់បានរកឃើញវត្ថុបុរណ ឬរបកគំហើញថ្មី សម្រាប់ដាក់តាំងបង្ហាញបន្ថែម។
លោក ម៉ាក សេ បានឱ្យដឹងទៀតថា បន្ទប់សារមន្ទីរ ដែលនៅក្បែរទីលានទាត់បាល់ខេត្តសព្វថ្ងៃ វា ពុំមែនជាអគារស្ដង់ដារសារមន្ទីរនោះទេ ទើបនាំឱ្យការរៀបចំមិនទាន់ត្រឹមត្រូវស្អាតល្អ ដើម្បីបង្កើនភាពទាក់ ទាញអ្នកទស្សនា បើធៀបនឹងសារមន្ទីរតាមបណ្តាខេត្តផ្សេងៗ ។
គ្រាគ្មានអគារសារមន្ទីរនេះ លោក ម៉ាក សេ បានស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មេត្តា ផ្តល់ជំនួយឧបត្ថម្ភជាអគារសារមន្ទីរថ្មីមួយ សមស្របតាមបទដ្ឋានបច្ចេកទេសបេតិកភណ្ឌវប្បធម៌ សម្រាប់ ដាក់តាំងថែក្សាវត្ថុបុរណ និងរូបចម្លាក់ ដែលនៅសេសសល់។
ពាក់ព័ន្ធបញ្ហានេះ លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុងទទួលបន្ទុកផ្នែកវប្បធម៌ បានឱ្យដឹង ថា លោកស្រី នឹងពិនិត្យក្តោបព័ត៌មានលើបញ្ហានេះ ឱ្យបានគ្រប់គ្រាន់ជាមុនសិន ទើបឆ្លើយតបថានឹងរិះរក យន្តការដោះស្រាយ និងគាំទ្រជ្រោមជ្រែងផ្សព្វផ្សាយបែបណាខ្លះ។
សូមបញ្ជាក់ថា វត្ថុបុរាណ ដែលកំពុងដាក់តាំងបង្ហាញនៅក្នុងបន្ទប់សារមន្ទីរវប្បធម៌ខេត្តកោះកុង មានដូចជា ក្តារសំពៅលិចនៅកោះស្តេច ស្រុកគិរីសាគរ ក្តារមឈូសបុរាណនៅតំបន់ទេសចរណ៍ជីផាត ឧបករណ៍ភ្លេងបុរាណរបស់ជនជាតិភាគតិចរស់នៅតំបន់អារ៉ែង ស្រុកថ្មបាំង ភ្លុកដំរី កាំភ្លើងសម័យបុរាណ ក្រឡដាក់អង្ករ អំបិល និងឧបករណ៍ពិសារស្លារម្លូ ។ល៕ អត្តបទ៖ ឈឹម មករា