អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអាទិត្យបានបន្តការអំពាវនាវរបស់លោកឱ្យកំណត់ប្រទេសរុស្ស៊ីថា ជារដ្ឋភេរវករ បន្ទាប់ពីការបាញ់ផ្លោងទៅលើទីក្រុង Zaporizhzhia បណ្ដាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ លោក Zelenskyy និយាយថា អំពើភេរវកម្មគឺជាបទឧក្រិដ្ឋដែលត្រូវតែទទួលទណ្ឌកម្ម។

អំពើភេរវកម្មនៅកម្រិតរដ្ឋគឺជាឧក្រិដ្ឋកម្មអន្តរជាតិដ៏ឃោរឃៅបំផុតមួយ ដែលគំរាមកំហែងមិនត្រឹមតែប្រទេសណាមួយនោះទេនៅលើពិភពលោក ប៉ុន្តែបានគំរាមដល់សហគមន៍អន្តរជាតិទាំងមូល។ លោកនិយាយថា រុស្ស៊ីគួរតែត្រូវបានថ្កោលទោស និងដាក់ឲ្យនៅឯកោនៅគ្រប់កម្រិត នៅមុនការបោះឆ្នោតមហាសន្និបាតអង្គការសហប្រជាជាតិនៅពេលខាងមុខ ដោយសារតែការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការដាក់បញ្ចូលតំបន់នានា របស់អ៊ុយក្រែនជាឧបសម្ព័ន្ធ។ មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងទីក្រុងរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Zaporizhzhia ពេញមួយយប់បានវាយប្រហារលើអគារលំនៅឋាន បណ្តាលឲ្យមនុស្សច្រើននាក់ស្លាប់។
លេខាក្រុមប្រឹក្សាទីក្រុងលោក Anatoliy Kurtev បាននិយាយថា ទីក្រុងនេះត្រូវបានវាយប្រហារដោយគ្រាប់រ៉ុក្កែតពេញមួយយប់ ហើយលំនៅឋានឯកជនយ៉ាងតិច ៥ខ្នងត្រូវបានបំផ្លាញទាំងស្រុង និងប្រហែល ៤០ខ្នងរងការខូចខាត។ បន្ទាប់ពីការវាយប្រហារភ្លាមៗនោះក្រុមប្រឹក្សាទីក្រុងបាននិយាយថា មនុស្ស ១៧នាក់ស្លាប់ ប៉ុន្តែក្រោយមកបានកែប្រែតួលេខអ្នកស្លាប់ដោយនគរបាលក្នុងតំបន់បានរាយការណ៍ថា មនុស្ស ១៣នាក់ស្លាប់ និងជាង ៦០នាក់រងរបួស ដែលយ៉ាងហោចណាស់ ១០នាក់ជាកុមារ៕
អត្ថបទ៖ ប៊ុន ថន