មីយ៉ាន់ម៉ា៖ តារាសម្តែងមួយរូបស្ថិតនៅក្នុងចំណោម តារាដ៏មានប្រជាប្រិយភាពបំផុតរបស់សហភាពមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួនដោយរបបយោធា ដែលជាវិធានការបង្ក្រាបកើនឡើងទៅលើតារាសម្ដែង។ លោក ភែង ថាខន ជាតារាម៉ូដែល និងសម្ដែងមានក្រុមអ្នកគាំទ្ររាប់លាននាក់នៅសហភាពមីយ៉ាន់ម៉ា និងប្រទេសថៃនោះបានចូលរួមការតវ៉ាតាមអនឡាញ និងតវ៉ាដោយផ្ទាល់តាមក្បួនប្រឆាំង។
ដោយឡែកបណ្ដាញសង្គម Instagram របស់លោក ថាខន ដែលមានក្រុមអ្នកគាំទ្ររាប់លាននាក់ត្រូវបានបិទ ជាមួយនឹងបណ្ដាញសង្គម Facebook របស់លោក។ គួរឲ្យដឹងថា ការរឹបអូសអំណាចដោយយោធាកាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅបានធ្វើឲ្យមានបាតុកម្មស្ទើរតែរាល់ថ្ងៃ។ មនុស្សប្រហែល ៦០០នាក់ត្រូវបានសម្លាប់ ពេលដែលកងកម្លាំងសន្តិសុខចាត់វិធានការយ៉ាងចាស់ដៃ ទៅលើក្រុមបាតុករ។ យោងតាមសារបង្ហោះលើ Facebook របស់បងស្រីលោក ថាខន គឺអ្នកស្រី ធីធី ល្វីន បានឲ្យដឹងថា ទាហានប្រហែល ៥០នាក់បានជិះរថយន្តយោធា ៨គ្រឿងមកចាប់ខ្លួនលោកនៅវេលាម៉ោង ៥ព្រឹកថ្ងៃព្រហស្បតិ៍។ អ្នកស្គាល់គ្នាជិតស្និតម្នាក់របស់លោក ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លោក ថាខន ត្រូវបានចាប់ខ្លួននៅផ្ទះម្តាយរបស់លោក នៅតំបន់ជាយក្រុងដាហ្គោនខាងជើងស្ថិតក្នុងទីក្រុងយ៉ាងហ្គោន៕
អត្ថបទ៖ សារ៉ាត់