ប្រណាំងរថយន្ត៖ កីឡាករប្រណាំង F1 ហូឡង់ Max Verstappen បានក្លាយជាជើងឯកពិភពលោក F1 ពីររដូវកាលជាប់គ្នា ក្រោយឈ្នះការប្រកួតនៅទឹកដីជប៉ុនថ្ងៃអាទិត្យម្សិលមិញនេះ។ ការប្រកួតដែលមានការរំខានដោយសារភ្លៀងធ្លាក់ត្រូវបានផ្អាកវិញ ក្រោយប្រណាំងបាន ២ជុំរង់ចាំស្ថានភាពអាកាសធាតុល្អប្រសើរឡើងវិញ។

ការចាប់ផ្តើមឡើងវិញ Max Verstappen ដែលឈ្នះប្រកួតយកទីចេញដំណើរកាលពីថ្ងៃសៅរ៍ បានរក្សាការនាំមុខរបស់ខ្លួនតាំងពីពេលចេញដំណើររហូតដល់ទីព្រ័ត្រ។ ដំបូងឡើយការកំណត់ជើងឯកពិភពលោកត្រូវរង់ចាំនៅទីលានបន្ទាប់ដោយសារតែ Charles Leclerc បានបញ្ចប់នៅចំណាត់ថ្នាក់លេខ២ នៅជប៉ុននេះ តែកីឡាកររបស់ Ferrari រូបនេះមានកំហុសនៅផ្លូវបត់ចុងក្រោយនៃជុំចុងក្រោយធ្វើឱ្យ FIA សម្រេចពិន័យ ៥វិនាទីធ្វើឱ្យ Sergio Perez ឡើងមកលេខ២ ឯ Leclerc ធ្លាក់ទៅលេខ៣ វិញ។
យោងតាមលទ្ធផលនេះ Max Verstappen ឈ្នះពិន្ទុដាច់ក្នុងតារាងជើងឯកពិភពលោក ១១៤ពិន្ទុពីលើ Charles Leclerc គ្រប់គ្រាន់ល្មមដើម្បីគ្រងជើងឯកបើទោះបីនៅសល់ ៤ទីលានទៀតក៏ដោយ ខណៈដែល Sergio Perez ឡើងមកលេខ២ ក្នុងតារាងជើងឯក។ ទីលានបន្ទាប់ពីចំនួនដែលនៅសល់រួមមានសហរដ្ឋអាមេរិកថ្ងៃទី២១ ខែតុលានេះ, ម៉ិកស៊ិកថ្ងៃទី២៨ ខែតុលានេះ, ប្រេស៊ីលថ្ងៃទី១១ ខែវិច្ឆិកា និងចុងក្រោយនៅអារ៉ាប់រួមថ្ងៃទី១៨ ខែវិច្ឆិកា៕
អត្ថបទ៖នាង សុភាវុធ