ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបបែបចំអកជាថ្មីម្តងទៀតដល់ក្រុមប្រឆាំងជាពិសេសគឺទណ្ឌិត អេង ឆៃអៀង បច្ចុប្បន្នកំពុងនីរទេសខ្លួននៅក្រៅប្រទេស ក្រោយពី ទណ្ឌិតរូបនេះបានរិះគន់សម្តេច តាមរយៈហ្វេសបុកទាក់ទងនឹងការបញ្ចប់មុខតំណែងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីកន្លងទៅថ្មីៗនេះ។
នៅក្នុងឱកាសអញ្ជើញបិទពិធីមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា អាណត្តិទី៤ នារសៀលថ្ងៃទី១០ខែតុលា ឆ្នាំ២០២២នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងថា កាលពីម្សិលមិញសម្តេចបានឆ្លើយតបម្តងហើយតាមរយៈហ្វេសបុកទាក់ទងក្រុមប្រឆាំងផ្កាប់មុខ ប៉ុន្តែការឆ្លើយតបរបស់សម្តេចនោះ ត្រូវបានបុគ្គលនោះ(ទណ្ឌិត អេង ឆៃអៀង)បានចោទប្រកាន់សម្តេចថាបានប្រមាថដល់គេទៅវិញ។
សូមបញ្ជាក់ថា តាមរយៈហ្វេសបុកនារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន សរសេរថា ដើម្បីចូលរួមចំណែកជួយក្រុមប្រឆាំងផ្កាប់មុខឲ្យមានចំណេះដឹងដែលអាចឈានទៅកាន់អំណាចនៅជាតិក្រោយ។ សូមអស់លោកបើកមើលមាត្រា២១ជំពូក២នៃរដ្ឋធម្មនុញ្ញដែលចែងអំពីព្រះមហាក្សត្របន្ទាប់ទៅសូមអានមាត្រា២០ជំពូកទី៣នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។ សម្តេចបានបន្តថា ដោយសារតែខ្វះការចេះដឹងទើបបានតែចេះតែជាប់គុកនិងរត់ចោលស្រុកហើយមកចោទគេថាផ្តាច់ការ។គប្បីប្រឹងរៀនសូត្របន្ថែមដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយ និងសូមកុំវក់ជាមួយល្បែងច្រើនពេក។នេះជាបំណងល្អរបស់សម្តេចសម្រាប់ក្រុមល្ងង់។
ការលើកឡើងរបស់សម្តេចតាមរយៈហ្វេសបុកនេះគឺបានធ្វើឡើងភ្លាមៗបន្ទាប់ពីអាខោនហ្វេសបុករបស់ទណ្ឌិត អេង ឆៃអៀង បានលើកឡើងថា ការបញ្ចប់មុខតំណែងរដ្ឋមន្រ្តី(ឯកឧត្តម វេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) ដោយមិនបានឆ្លងកាត់ការអនុម័តយល់ព្រមពីរដ្ឋសភា គឺរំលោភមាត្រា១១៩ថ្មី នៃរដ្ឋធម្មនុញ្ញនោះ។ យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចំអកដល់ទណ្ឌិតនោះថា គប្បីប្រឹងរៀនសូត្របន្ថែមដើម្បីឈានទៅកាន់អំណាចនៅជាតិក្រោយ និងសូមកុំវក់ជាមួយល្បែងច្រើនពេក៕ អត្ថបទ ៖ បាន ចក់